ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកាម្សិលមិញនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញទស្សនាស្តង់តាំងពិព័រណ៍ទេសចរណ៍ ម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងសម្ភារៈប្រើប្រាស់ Cambodia Biz fair ឆ្នាំ២០២២ រៀបចំដោយសមាគមន៍ទេសចរណ៍អាស៊ីប៉ាភិច PATA នៅខេត្តព្រះសីហនុ។ រដ្ឋមន្ត្រីទេសចរណ៍បានចាត់ទុកថា ពិព័រណ៍នេះគឺមានសារៈសំខាន់ក្នុងការជំរុញការស្តារវិស័យទេសចរណ៍ឲ្យងើបឡើងវិញក្រោយវិបត្តិកូវីដ។
ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ថ្លែងថា ជាក់ស្តែងណាស់ក្រសួងទេសចរណ៍ចង់ជំរុញឲ្យសមាគមន៍PATA និងភាគីពាក់ព័ន្ធទាំងអស់សហការរៀបចំពិព័រណ៍អន្តរជាតិបែបនេះឲ្យបានច្រើនថែមទៀត ដើម្បីបង្កើតឱកាសឲ្យអ្នកលក់ផលិតផលទេសចរណ៍នៅក្នុងស្រុកយើង ជួបជាមួយបណ្តាអ្នកទិញដែលជាម្ចាស់ក្រុមហ៊ុនអន្តរជាតិមកពីតាមបណ្តាប្រទេស មកទាក់ទងទិញ ឬនាំយកផលិតផលទេសចរណ៍ទៅផ្សព្វផ្សាយនៅក្រៅប្រទេស ដើម្បីជំរុញទេសចរអន្តរជាតិមកទស្សនាកម្ពុជាឡើងវិញ។
លោក ធួន ស៊ីណាន ប្រធានសមាគមPATA ប្រចាំនៅកម្ពុជា ថ្លែងថា នៅព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផលទសចរណ៍ ម្ហូបអាហារ ភេសជ្ជៈនិងគ្រឿងសម្ភារៈប្រើប្រាស់ នៅឆ្នេរពូយជំទាវម៉ៅ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៩ ខែវិច្ឆិកានេះ គឺមានស្តង់ប្រមាណជាង២៥០ស្តង់ ហើយមានម្ចាស់ និងតំណាងម្ចាស់ក្រុមហ៊ុនអន្តរជាតិមកពីបណ្តាប្រទេសចំនួន ៨ប្រទេស ក្នុងតំបន់អាស៊ាន និងមានឥណ្ឌា តួគី ចិន ជាដើមបានអញ្ជើញចូលរួម និងទាក់ទងយកផលិតផលទេសចរណ៍ និងគោលដៅទេសចរណ៍កម្ពុជាទៅផ្សព្វផ្សាយឲ្យទេសចរអន្តរជាតិមកទស្សនាកម្ពុជា។
សូមបញ្ជាក់ថា បើតាមបណ្តាតំណាងក្រុមហ៊ុនទេសចរណ៍បណ្តាប្រទេសចូលរួម បានថ្លែងពីការចាប់អារម្មណ៍ខ្ពស់ចំពោះផលិតផលទេសចរណ៍កម្ពុជា ជាពិសេសការអភិវឌ្ឍគោលដៅទេសចរណ៍តាមតំបន់ឆ្នេរសមុទ្រកម្ពុជា មានភាពស្អាតទាក់ទាញ ម្ហូបអាហារឆ្ងាញ់ប្លែកទាក់ទាញ ជាដើម ហើយនៅពេលគេត្រឡប់ទៅប្រទេសគេវិញគេនឹងរៀបចំកញ្ចប់ទេសចរណ៍ផ្សព្វផ្សាយលក់ជូនភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា ជាពិសេសគោលដៅតំបន់ឆ្នេរ ខេត្តសៀមរាមអង្គរ និងតំបន់ទេសចរណ៍ប្រណិតនានាទៀត។ អត្ថបទ៖ ស៊ុម សុខជា