ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកានេះ ក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម រៀបចំវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម ២០២២ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។ វេទិកានេះ ក៏មានការតាំងបង្ហាញទំនិញ និងសេវាកម្មចំនួនប្រមាណ ២០ស្តង់ផងដែរ។
យោងតាមរបៀបវារៈនៃវេទិកានេះ បានឲ្យដឹងថា នៅពេលរសៀលនឹងមានការថ្លែងជាសុន្ទរកថារបស់មន្រ្តីជាន់ខ្ពស់ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ក្នុងនោះ រវាងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម ង្វៀន ជីយុង រដ្ឋមន្រ្តីក្រសួងផែនការ និងវិនិយោគវៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគរបស់ប្រទេសទាំងពីរ និងរវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ង្វៀន ហុងស៊ាន រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ស្តីពីការជំរុញពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
ដោយឡែក នៅពេលល្ងាចថ្ងៃទី៨ ខែវិច្ឆិកាដដែលនេះ នឹងមានការអញ្ញើញដល់របស់នាយករដ្ឋមន្រ្តី នៃប្រទេសទាំងពីរ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងនោះ ក៏មានការអញ្ញើញដល់ និងចូលរួមថ្លែងសុន្ទរកថាផងដែររបស់ អ្នកឧកញ៉ា គិតម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក ង្វៀន ថាញ់យុង ប្រធានក្លឹបធុរកិច្ចវៀតណាមនៅកម្ពុជា។
សូមបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-វៀតណាម ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងស្មារតីសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ។ យោងតាមរបាយការណ៍ចុងក្រោយរបស់អគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា គិតក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម សម្រេចបានចំនួនប្រមាណ ៤,៦៣ពាន់លានដុល្លារ កើនឡើងប្រមាណ ២២ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកាន់វៀតណាម មានតម្លៃទឹកប្រាក់ប្រមាណ ១,៥៥ពាន់លានដុល្លារ បានកើនឡើង ៣,១ភាគរយ។ ចំណែកឯការនាំចូលពីវៀតណាម មកកម្ពុជា មានតម្លៃទឹកប្រាក់ប្រមាណ ៣,០៧ពាន់លានដុល្លារ៕
