ក្រសួងពាណិជ្ជកម្មកម្ពុជា បានអះអាងថា ប្រទេសកម្ពុជា ត្រូវបានទទួលការគាំទ្រពីសមាជិកជាប្រធាននៃកិច្ចប្រជុំលើកទី២០ នៃក្រុមការងារស្ដីពីការអភិវឌ្ឍច្បាប់នៃប្រព័ន្ធម៉ាឌ្រីដ សម្រាប់ការចុះបញ្ជីម៉ាកអន្តរជាតិ នៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) រយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃទី៧ ដល់១១ ខែវិច្ឆិកា ឆ្នាំ២០២២។
ផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះ បានសសេរថា កិច្ចពិភាក្សាដែលនឹងធ្វើឡើងនៅក្នុងកិច្ចប្រជុំទី២០ នៃក្រុមការងារម៉ាឌ្រីដ នឹងនាំមកនូវការអភិវឌ្ឍ និងភាពប្រសើរឡើងបន្ថែមទៀតចំពោះប្រព័ន្ធម៉ាឌ្រីដ ធ្វើឲ្យប្រព័ន្ធចុះបញ្ជីម៉ាកអន្តរជាតិ រឹតតែមានភាពទាក់ទាញ ភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ថែមទៀតដល់អ្នកប្រើប្រាស់ បម្រើដល់តម្រូវការនៃធុរកិច្ចទាំងឡាយ ជាពិសេសសហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានផលប្រយោជន៍ពីកម្មសិទ្ធិបញ្ញា ដើម្បីជំរុញដល់គោលដៅធុរកិច្ចរបស់ខ្លួន។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ប្រព័ន្ធម៉ាឌ្រីដ គឺជាប្រព័ន្ធចុះបញ្ជីម៉ាកអន្តរជាតិដោយប្រើប្រាស់បច្ចេកវិទ្យា ដែលគ្រប់គ្រងដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដោយប្រព័ន្ធនេះ បានផ្ដល់ភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ចំពោះការចុះបញ្ជីម៉ាកនៅក្នុងប្រទេសនានាជាសមាជិក។ គិតមកដល់បច្ចុប្បន្ន ប្រព័ន្ធនេះមានសមាជិកចំនួន១២៨ ក្នុងនោះមានប្រទេសកម្ពុជាផងដែរ ដែលបានចូលរួមការប្រើប្រាស់ប្រព័ន្ធនេះតាមរយៈការចូលជាសមាជិកនៃពិធីសារទីក្រុងម៉ាឌ្រីដ ទាក់ទងនឹងកិច្ចព្រមព្រៀងទីក្រុងម៉ាឌ្រីដទាក់ទងនឹងការចុះឈ្មោះអន្តរជាតិនៃម៉ាក(Madrid Protocol Relating to the Madrid Agreement Concerning the International Registration of Marks) នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥។ ប្រភពដដែល បានឲ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំលើកទី២០ នៃក្រុមការងារម៉ាឌ្រីដនេះ សមាជិកនឹងពិភាក្សាលើសេចក្ដីព្រាងវិសោធនកម្មច្បាប់ និងវិធានមួយចំនួនពាក់ព័ន្ធនឹងការចុះបញ្ជីម៉ាក ព្រមទាំងប្រឹក្សាលើការអភិវឌ្ឍប្រព័ន្ធបន្ថែម សំដៅលើកកម្ពស់ការប្រើប្រាស់ ធ្វើឲ្យប្រព័ន្ធមានភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់ និងឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន៕ អត្ថបទ៖ ឈិត បូរ៉ាវី
