បាល់ទាត់៖ អ្នកចាត់ការក្រុម West Bromwich Albion លោក Sam Allardyce បានលើកឡើងថា ជ័យជំនះពីរប្រកួតផ្ទួនៗបានធ្វើឲ្យក្រុមទាំងមូលមានក្តីសង្ឃឹម ដើម្បីគេចឲ្យផុតពីតំបន់គ្រោះថ្នាក់បន្តវត្តមាននៅ English Premier League រដូវកាលក្រោយ។

បន្ទាប់ពីជ័យជំនះដ៏ភ្ញាក់ផ្អើលនៅទឹកដី Chelsea សប្ដាហ៍មុន ៥-២ West Brom ក៏រកបានជ័យជំនះមួយទៀតយប់មិញទៅលើក្រុមភ្ញៀវ Southampton ៣-០។ គ្រាប់បាល់ពិន័យ ១១ម៉ែត្ររបស់ Matheus Pereira និង Matt Phillips នៅវគ្គទី១ និងមួយគ្រាប់ទៀតនៅវគ្គទី២ ដោយ Callum Robinson បានធ្វើឲ្យ West Brom ឈ្នះលើគូប្រកួតធំបំផុតក្នុងផ្ទះនៅ Premier League ជាលើកដំបូងគិតពីខែវិច្ឆិកា ឆ្នាំ២០១៦។ អ្នកចាំទី Sam Johnston ក៏ជាចំណែងសំខាន់ក្នុងជ័យជំនះរបស់ West Brom យប់មិញដែរ បន្ទាប់ពីជួយសង្គ្រោះបាល់ ១១ម៉ែត្ររបស់ Southampton ដែលស៊ុតដោយមិត្តរួមជាតិអង់គ្លេស James Ward-Prowse។
ថ្វីបើឈ្នះពីរប្រកួតជាប់គ្នាក៏ពិតមែន West Brom នៅត្រូវដើរផ្លូវវែងឆ្ងាយទៀតដោយកំពុងឈរលេខ ១៩ ក្នុងតារាងដេញពីក្រោយតំបន់សុវត្ថិភាពលេខ ១៧ Newcastle ដល់ទៅ ៨ពិន្ទុទៀត ខណៈនៅសល់ ៧ប្រកួតទៀតចប់រដូវកាល។ មួយគូទៀតយប់មិញរវាង Brighton និង Everton បញ្ចប់ទៅលទ្ធផលស្មើគ្នា ០-០៕
អត្ថបទ៖នាង សុភាវុធ