នៅថ្ងៃទី៧ខែវិច្ឆិកាឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣នៅខេត្តព្រះសីហនុ និងរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោកនៅសាលាខេត្តព្រះសីហនុ។ នៅក្នុងកិច្ចប្រជុំនេះបានបង្ហាញពីខេត្តព្រះសីហនុត្រៀមរួចរាល់ក្នុងការរៀបចំបុណ្យសមុទ្រ និងមហាសន្និបាតក្លឹបឆ្នេរស្អាតពិភពលោក ដែលមានប្រតិភូជាន់ខ្ពស់ជិត ៣០ប្រទេសចូលរួម។
លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុបានឱ្យដឹងថា នៅសល់ប្រមាណ១ខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៩ ជុំទី៣នៅខេត្តព្រះសីហនុនឹងដំណើរការចាប់ពីថ្ងៃទី៩ដល់ទី១១ ខែធ្នូ ហើយមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក ក៏នឹងដំណើរការចាប់ពីថ្ងៃទី៩ ដល់ទី១៤ ខែធ្នូ ឆ្នាំ២០២២ ដែលជិតនឹងឈានចូលមកដល់ផងដែរ។ លោកបន្ថែមថា រហូតមកពេលនេះ មានប្រតិភូជាតិអន្តរជាតិមកពីបណ្តាប្រទេសជិត២៥ហើយ បានឆ្លើយតបថាគេនឹងអញ្ជើញចូលរួមក្នុងនោះប្រតិភូក្លឹបឆ្នេរស្អាតលើពិភពលោកនឹងចូលរួមជិត១៥ប្រទេស ស្នើនឹង២៨ឆ្នេរស្អាត សរុប១២០រូប។
លោក ឡុង ឌីម៉ង់ បន្តថា តាមការលើកឡើងរបស់ឯកឧត្ដមអភិបាលខេត្តព្រះសីហនុបានឱ្យដឹងថា មកដល់ពេលនេះ ខេត្តបានត្រៀមខ្លួនរួចរាល់ដើម្បីទទួលប្រតិភូជាតិអន្តរជាតិចូលរួមព្រឹត្តិការណ៍បុណ្យសមុទ្រ និងព្រឹត្តិការណ៍ក្លឹបឆ្នេរស្អាតបំផុតលើពិភពលោក ក្នុងនោះការងាររៀបចំសន្តិសុខសណ្តាប់ធ្នាប់ ការធ្វើបដិសណ្ឋារកិច្ចប្រតិភូជាន់ខ្ពស់ ការរៀបចំសោភ័ណភាព រៀបចំប្រគំដន្ត្រីច្រើនកន្លែង ដើម្បីចញ្ចៀសភាពចង្អៀតណែនហ្វូងមនុស្ស និងការរត់ជាន់គ្នា និងការរៀបចំទីតាំងស្នាក់នៅបោះតង់ សណ្ឋា គារ សម្រាប់មហាជនចូលរួមជាច្រើនទៀត ដែលនឹងអញ្ជើញចូលរួមកម្សាន្តសប្បាយផងដែរ ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានមានប្រសាសន៍ថា កិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ ដោយមានកម្ពុជាទទួលធ្វើម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លឹបឆ្នេរស្អាតជាងគេបំផុតលើពិ ភពលោក រំពឹងថា នឹងមានប្រតិភូជាន់ខ្ពស់ជាតិអន្តរជាតិប្រមាណជាង១៣០០រូប មកពីបណ្តាប្រទសប្រមាណ២៥ចូលរួម ហើយយើងក៏រំពឹងថា នឹងមានមហាជនចូលរួមប្រមាណរាប់ម៉ឺននាក់ផ្សេងៗទៀតដែរ។
ឯកឧត្តមរដ្ឋមន្ត្រីបន្តថា បុណ្យសមុទ្រនៅខេត្តព្រះសីហនុឆ្នាំនេះ មានស្តង់តាំងពិព័រណ៌ប្រមាណជាង៣៥០ស្តង់ ក្នុងនោះ ៥០ស្តង់មានស្តង់ក្រសួងស្ថានប័ន ស្តង់ក្លឹបឆ្នេរស្អាត ស្តង់ផលិតផលក្នុងស្រុក ស្តង់វិស័យទេសចរណ៍កម្ពុជា ស្តង់ស្ថានទូតបរទេស គ្រឿងអេឡិចត្រូនិច ស្តង់បង្ហាញភូមិម្ហូបអាហារ វីថី អាហារ ស្តង់អាហារខ្មែរ ស្តង់សហគ្រាស សំភារៈគ្រឿចក្រ សំលៀកបំពាក់នានាជាច្រើនទៀត អមដោយព្រឹត្តិការណ៍បាញ់កាំជ្រួច ប្រគំដន្ត្រីខ្នាតធំ ប្រកួតកីឡា៦ប្រភេទ និងមានកម្មវិធីកម្សាន្តសប្បាយតូចៗជាច្រើនទៀត៕ អត្ថបទ៖ ស៊ុម សុខជា




