ក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងចំណោមខេត្តនានា សម្រាប់ខេត្តកំពតបានទាក់ទាញភ្ញៀវមកដើរកម្សាន្តច្រើនជាងគេ រហូតចំនួនជាង ២០ម៉ឺននាក់ បន្ទាប់គឺខេត្តព្រះសីហនុចំនួនជាង ១៦ម៉ឺននាក់។
នៅក្នុងបណ្តាញសង្គមហ្វេកប៊ុក នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះ ក្រសួងទេសចរណ៍បានរៀបរាប់ថា តួលេខភ្ញៀវទេសចរផ្ទៃក្នុង រយៈពេល៧ថ្ងៃកន្លងមកនេះ មានចំនួនសរុបជាង ៨០ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិមានចំនួនជាង ៧៧ម៉ឺននាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ចំនួនជាង ៣ម៉ឺននាក់។ ប្រភពដដែលបានឲ្យដឹងទៀតថា សម្រាប់គោលដៅទេសចរណ៍សំខាន់ៗ ក្រៅពីខេត្តកំពត និងព្រះសីហនុដែលទាក់ទងភ្ញៀវមកដើរកម្សាន្តច្រើនជាងគេនោះ រួមមាន៖ ខេត្តបន្ទាយមានជ័យ មានចំនួនជាង ១២ម៉ឺននាក់, ខេត្តកំពង់ធំជាង ១០ម៉ឺននាក់, ខេត្តសៀមរាបជាង ៤ម៉ឺន ៣ពាន់នាក់, ខេត្តតាកែវជិត ៣ម៉ឺននាក់ និងខេត្តរាជធានីភ្នំពេញចំនួនជាង ២ម៉ឺន ២ពាន់នាក់។
ជុំវិញតួលេខខាងលើនេះ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា មិនទាន់រាប់បញ្ចូលភ្ញៀវទេសចរ សម្រាប់ថ្ងៃឈប់សម្រាកព្រះរាជ្យពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុកនោះទេ។ នាសប្តាហ៍កន្លងមក បណ្តាខេត្តមួយចំនួន ដូចជាខេត្តកំពង់ធំ បន្ទាយមានជ័យ និងកំពត បានរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប អុជកាំជ្រួច ការតាំងពិព័រណ៍ និងព្រឹត្តិការណ៍កម្សាន្តជាច្រើនទៀត។ ក្រសួងបានបន្ថែមទៀតថា ប្រជាពលរដ្ឋបានចាកចេញពីរាជធានីភ្នំពេញទៅស្រុកកំណើត ក៏ដូចជាផ្តើមដំណើរកម្សាន្តតាំងពីថ្ងៃសៅរ៍មកម្ល៉េះ និងបន្តរហូតដល់ថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូកផ្លូវការ និងអាចបន្តរហូតដល់ចុងសប្តាហ៍នេះផងដែរ៕








