ភ្នំពេញ៖ ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម យឿន យឿត បានថ្លែងថា ថ្ងៃឯករាជនៃប្រទេសកម្ពុជា ៩វិច្ឆិកា គឺជាថ្ងៃជោគជ័យផ្តាច់ព្រ័ត្រ ដែលប្រជាជនកម្ពុជាទទួលបានសេរីភាព និងអំណាចពេលលេញពីបារាំង មកវិញ បន្ទាប់ពីបារាំងបានគ្រប់គ្រងដាក់អាណានិគមមកលើប្រទេសខ្មែរអស់រយៈពេល៩០ឆ្នាំមកនោះ។
ឯកឧត្តម យឿន យឿត បានបញ្ជាក់ថា« ឯករាជ្យនៃប្រទេសកម្ពុជា ៩ វិច្ឆិកា ១៩៥៣ គឺជាឆ្នាំដែលប្រជាជាតិយើងក្រោមការដឹកនាំនៃព្រះមហាក្សត្រ បានមហាជោគជ័យផ្តាច់ព្រ័ត្រ ធ្វើឲ្យសាធារណរដ្ឋបារាំងផ្ទេរអំណាច និងសមត្ថកិច្ចឲ្យបានអស់សព្វគ្រប់មកជូនព្រះរាជាណាចក្រកម្ពុជាយើងទាំងរដ្ឋបាលស៊ីវិល តុលាការ ប៉ូលីស ទាហាន ការទូត នយោបាយក្នុងប្រទេស និងក្រៅប្រទេសមកជូនជាតិខ្មែរយើង។
ទាំងអស់នេះ ត្រូវបានកូនខ្មែរគ្រប់កំណត់ថា ជាព្រឹត្តិការណ៍ដ៏ធំធេងនាំមកនូវមហាកិត្តិយសពិតប្រាកដសម្រាប់កម្ពុជាមានឯករាជអធិបតេយ្យភាពពេញលេញដោយស្នាព្រះហស្ថ នៃព្រះមហាក្សត្រព្រះនាម ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ជាមគ្គុទេសន៍ដឹកនាំដ៏ឆ្នើមនៃសង្គមមួយដែលប្រជាជាតិក្នុង និងក្រៅប្រទេសតែងតែនឹកឃើញជានិច្ច»។
សូមបញ្ជាក់ថា ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជា ត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២២)ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង។ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕