
កោះកុង៖ ភ្ញៀវទេសចរសរុប ១ម៉ឺន ៤ពាន់នាក់ បាននាំគ្នាមកលេងកម្សាន្តនៅតំបន់រមណីយដ្ឋាននានាក្នុងខេត្តកោះកុង រយៈពេល២ថ្ងៃ អំឡុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប។
គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ខេត្តកោះកុងបានទទួលភ្ញៀវទេសចរសរុបប្រមាណ ១ម៉ឺន ៤ពាន់នាក់ ក្នុងនោះអ្នកទេសចរបរទេសចំនួន ២១៩នាក់ ដែលពួកគេចាប់អារម្មណ៍មកកម្សាន្តលំហែនៅតាមតំបន់រមណីយដ្ឋានផ្សេងៗគ្នាក្នុងខេត្ត។
លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង ឱ្យដឹងនៅថ្ងៃទី០៩ ខែវិច្ឆិកា នេះថា ក្នុងឱកាសពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ឆ្នាំ២០២២ រដ្ឋបាលខេត្តសហការជាមួយមន្ទីរពាក់ព័ន្ធបានរៀបចំជាកម្មវិធីប្រគុំតន្ត្រី តាំងពិព័រណ៍ស្នាដៃសិស្ស សម្ភារៈប្រើប្រាស់ និងចំណីអាហារ នៅទល់មុខអគារសាលា ដើម្បីផ្តល់ភាពសប្បាយដល់ប្រជាពលរដ្ឋ និងអ្នកទេសចរ។
បើតាមលោក ចាន់គ្រឹះស្នា រមណីយដ្ឋានទេសចរណ៍ដែលមានភ្ញៀវទេសចរ សម្រុកនាំគ្នាទៅលេងកម្សាន្តច្រើនគឺសហគមន៍អេកូទេសចរធម្មជាតិព្រៃកោងកាងពាមក្រសោប ទឹកជ្រោះតាតៃក្រោម កោះស្តេច តំបន់រមណីយដ្ឋានឆ្នេរនេសាទ និងតំបន់ព្រំដែនអន្តរជាតិចាំយាម។ រីឯតម្លៃសេវាកម្មស្នាក់នៅ និងចំណីអាហារ ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ ក៏ដូចជាសណ្ឋាគារ មិនតម្លើងថ្លៃហួសហេតុពេកនោះទេ។
ដោយឡែកបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅតាមគោលដៅទេសចរនានា ត្រូវបានលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អះអាងថា ២ថ្ងៃ នៃពិធីបុណ្យអុំទូកឆ្នាំ២០២២នេះ ពុំបទល្មើសអ្វីកើតឡើងគួរឱ្យកត់សម្គាល់ឡើយ ពោល គឺពង្រាយកងកម្លាំងសមត្ថកិច្ចរក្សាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងអ្នកទេសចរដែលបានមកលេងកម្សាន្ត៕ អត្តបទ៖ ឈឹម មករា





