
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ដឹមីត្រូ គូលេបា (Dmytro Kuleba) រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។
នេះជាជំនួប ខណៈឯកឧត្ដម រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនរូបនេះ ត្រូវបានសម្តេចតេជោក្នុងនាមជាប្រធានអាស៊ានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ នៅកម្ពុជាក្នុងឋានៈជាដៃគូពាក់ព័ន្ធសម្រាប់ការពិភាក្សាទៅលើវិបត្តិជាសកល ចាប់ពីថ្ងៃទី១០ ដល់ ១៣វិច្ឆិកា។
សូមបញ្ជាក់ថា ឯកឧត្តម រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានអញ្ជើញមកដល់ប្រទេសកម្ពុជាកាលពីព្រលប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២។
ដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់កម្ពុជានៅពេលនេះ នឹងចូលរួមចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ (TAC)ដែលជាសន្ធិសញ្ញាសន្តិភាពដែលបានចុះហត្ថលេខាក្នុងឆ្នាំ១៩៧៦ រវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន សំដៅបង្កើតក្រមប្រតិបត្តិស្តីពីទំនាក់ទំនងរវាងបណ្ដាប្រទេសក្នុងតំបន់ ជំរុញសន្តិភាព ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាអចិន្ត្រៃយ៍ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក គោលការណ៍មិនជ្រៀតជ្រែក និងដោះស្រាយជម្លោះដោយសន្តិវិធី។
បច្ចុប្បន្នសមាជិកសន្ធិសញ្ញានេះមានចំនួន ៤៩ប្រទេសហើយ។ សមាជិកនឹងកើនដល់៥១ បន្ទាប់អេស្បាញ និងអ៊ុយក្រែន ត្រូវបានចុះហត្ថលេខាក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននាប៉ុន្មានថ្ងៃខាងមុខនេះ៕

