ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានជួបពិភាក្សាការងារទ្វេភាគីជាមួយឧត្តមសេនីយ៍ឯក អាហ្គឹស ស៊ូប៊ីយ៉ានតូ (Agus Subiyanto) មេបញ្ជាការរងកងទ័ពជើងគោកឥណ្ឌូនេស៊ី ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគី មេបញ្ជាការកងទ័ពជើងគោកអាស៊ាន លើកទី២៣ ដែលប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
នៅក្នុងកិច្ចជំនួបនេះភាគីទាំងពីរបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អ ដែលមានកន្លងមករវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ជាពិសេសការសម្រេចបាននូវលទ្ធផលជាក់ស្តែងនៃកិច្ចសហការរវាងអង្គភាពចំណុះកងទ័ពទាំងពីរ ជាអាទិ៍ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានលើកឡើងអំពីគោលគំនិតក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកសក្តានុពលផ្សេងៗបន្ថែមទៀត សម្រាប់នាពេលអនាគតផងដែរ។
នៅក្នុងកិច្ចជំនួបនោះដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានធ្វើការផ្តាំផ្ញើសាកសួរសុខទុក្ខជូនដល់នាយឧត្តមសេនីយ៍ ឌូឌុង អាប់ឌូរ៉ាច់ម៉ាន់ (Dudung Abdurachman) មេបញ្ជាការកងទ័ពជើងគោកឥណ្ឌូនេស៊ី ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន និងយោធិននៃកងទ័ពជើងគោកឥណ្ឌូនេស៊ី ប្រកបដោយមនោសញ្ចេតនា ស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ និងកក់ក្ដៅ។
សូមបញ្ជាក់ថាកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន(ACAMM)លើកទី២៣ ត្រូវបានរៀបចំទ្បើងដោយកងទ័ពប្រជាជនវៀតណាមជាម្ចាស់ផ្ទះរួមទាំងកិច្ចប្រជុំប្រចាំឆ្នាំនាយទាហានរង អាស៊ាន(ASMAM)លើកទី១០ និងព្រឹត្តិការណ៍ជំនួបបាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ាន (AARM) លើកទី៣០ នៅរដ្ឋធានីណូយនៅក្នុងឆ្នាំ២០២២នេះ៕ អត្ថបទ៖បាន ចក់



