វាយកូនបាល់៖ ព្រឹត្តិការណ៍វាយកូនបាល់តំណាងឲ្យប្រទេស Davis Cup ឆ្នាំ២០២១ នេះនឹងរៀបចំនៅ ៣ទីក្រុង ៣ប្រទេសរួមមានទីក្រុង Innsbruck ប្រទេសអូទ្រីស, ទីក្រុង Turin ប្រទេសអ៊ីតាលី និងទីក្រុង Madrid ប្រទេសអេស្ប៉ាញ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២៥ ខែវិច្ឆិកាដល់ថ្ងៃទី៥ ខែធ្នូ។
Davis Cup ឆ្នាំ២០២០ កន្លងទៅត្រូវបានលុបចោល ដោយសារមេរោគរាតត្បាត Covid-19 ខណៈ ១៨ ប្រទេសដែលមានឈ្មោះមិនបានប្រកួតឆ្នាំមុន នឹងត្រូវប្រកួតនៅឆ្នាំនេះ។ សហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិបានឲ្យដឹងថា ការប្រកួតនឹងមានរយៈពេល ១១ថ្ងៃ មិនមែន ៧ថ្ងៃដូចរាល់ឆ្នាំឡើយ។ ទីក្រុងនីមួយៗនឹងត្រូវទទួលការប្រកួតចំនួន ២ពូលដែលរួមមានទីក្រុង Madrid ប្រទេសអេស្ប៉ាញទទួលការប្រកួតពូល A មានអេស្ប៉ាញ រុស្ស៊ី អេក្វាដ័រ និងពូល B មានកាណាដា កាហ្សាក់ស្ថាន និងស៊ុយអែត។ ទីក្រុង Innsbruck ប្រទេសអូទ្រីសទទួលពូល C រួមមានក្រុមចក្រភពអង់គ្លេស បារាំង ឆេក និងពូល F មានអូទ្រីស ស៊ែប និងអាល្លឺម៉ង់។
ចំណែកទីក្រុង Turin ប្រទេសអ៊ីតាលីទទួលពូល D មានអូស្ត្រាលី ក្រូអាស៊ី និងហុងគ្រី រួមជាមួយនឹងពូល E មានសហរដ្ឋអាមេរិក អ៊ីតាលី និងកូឡុំប៊ី។ នៅវគ្គ ៨ក្រុមចុងក្រោយ ២ប្រកួតធ្វើនៅទីក្រុង Innsbruck និងទីក្រុង Turin ក្រៅពីនោះវគ្គ ៨ក្រុមចុងក្រោយ ២ប្រកួតទៀតធ្វើនៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ បូករួមទាំងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រផងដែរនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១៕
អត្ថបទ៖នាង សុភាវុធ