ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ានឆ្នាំ២០២២ បានថ្លែងថា កម្ពុជាប្ដេជ្ញាចិត្ត ចំពោះប្រព័ន្ធពាណិជ្ជកម្មស្របតាមវិធានការច្បាប់ និងស្វាគមន៍រាល់ធ្វើការធុរកិច្ច និងការវិនិយោគពីសំណាក់ប្រទេសសមាជិកអាស៊ាន និងគ្រប់បណ្ដាភាគី ។
ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ (ASEAN BUSINESS AND INVESTMENT SUMMIT 2022) នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា សម្រាប់កម្ពុជា ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ ប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន រាជរដ្ឋាភិបាលបានអនុវត្តនូវច្បាប់ស្តីពីវិនិយោគថ្មីមួយ និងបានដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ។
សម្ដេចតេជោបន្តថា រាជរដ្ឋាភិបាលក៏បាននិងកំពុងបន្តខិតខំបង្កើនការវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ទាំងរូបវន្ត និងឌីជីថល លើកកម្ពស់គុណភាពសេវាឡូជីស្ទីក បង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ ជំរុញការអភិវឌ្ឍជំនាញ និងការធ្វើទំនើបកម្មប្រព័ន្ធសន្តិសុខសង្គមជាដើម ។
ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការប្ដេជ្ញាចិត្ត ក្នុងការសហការយ៉ាងជិតស្និទ្ធ រួមគ្នាជាមួយនឹងប្រទេសសមាជិកអាស៊ាន និងដៃគូសន្ទនាអាស៊ានទាំងអស់ ដើម្បីដឹកនាំសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្ពោះទៅរកភាពធន់រឹងមាំ ចីរភាព បរិយាប័ន្ន និងភាពប្រកួតប្រជែងខ្ពស់ ៕ អត្ថបទ បាន សុខរិទ្ធិ



