ភ្នំពេញ៖ សម្តេចតេជោហ៊ុនសែនប្រធានអាស៊ានឆ្នាំ២០២២នេះ បានថ្លែងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់គឺជាសមិទ្ធផលដ៏សំខាន់របស់អាស៊ានដោយយើងបានខិតខំរួមគ្នាក្នុងការបើកទូលាយសេដ្ឋកិច្ច ព្រមទាំងធ្វើពិពិធកម្មទីផ្សារតំបន់ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះនៅក្នុងកម្មវិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ ដែលធ្វើឡើង នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
សម្តេចតេជោ បានបង្ហាញការជឿទុកចិត្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំនេះ នឹងជម្រុញដល់ការធ្វើពាណិជ្ជកម្មទាំងក្នុង និង ក្រៅតំបន់អាស៊ាន ក៏ដូចជាធ្វើអោយកាន់តែទូលំទូលាយថែមទៀត នូវសមាហរណកម្មសេដ្ឋកិច្ចតំបន់។ ដូច្នេះនៅក្នុងពិធីបើក កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី ៥៥ និង កិច្ចប្រជុំពាក់ពន្ធ័នៅរាជាធានីភ្នំពេញ កាលពីខែសីហា ឆ្នាំ២០២២កន្លងទៅ កម្ពុជាបានស្នើសុំអោយអគ្គលេខាធិកាដ្ឋានអាសិប នៅរាជធានីភ្នំពេញ ដើម្បីបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះពាណិជ្ជកម្មសេរី និង ការបើកចំហរក្នុងតំបន់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមជាភាគីមួយ នៃកិច្ចព្រមព្រៀងអាសិប កម្ពុជាសូមស្វាគមន៍រាល់ការធ្វើធុរកិច្ច និងការវិនិយោគ ពីសំណាក់ប្រទេសសមាជិកអាស៊ានទាំងអស់ និងគ្រប់បណ្តាភាគី។ ជាងនេះទៅទៀត ដើម្បីរួមចំណែកក្នុងការឆ្លើយតបនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ និង ការបំផ្លាញបរិស្ថានជាដើម កម្ពុជាបានលើកសំណើឲ្យមានការរៀបចំនូវ “កិច្ចព្រមព្រៀងបៃតងអាស៊ាន” សំដៅរួមចំណែកក្នុងការជួយតម្រង់ទិសអាស៊ាន ឆ្ពោះទៅរកអនាគតបៃតងប្រកបដោយចីរភាព និង ភាពប្រកួតប្រជែងខ្ពស់ ក្នុងទិដ្ឋភាពសេដ្ឋកិច្ច។ សម្ដេចតេជោ បានថ្លែងថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ កម្ពុជាសូមផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចប្រជុំកំពូលធុរកិច្ច និង វិនិយោគអាស៊ាន។ កម្ពុជាសូមសម្ដែងការប្តេជ្ញាចិត្តក្នុងការសហការ យ៉ាងជិតស្និទ្ធរួមគ្នាជាមួយនឹងប្រទេសសមាជិកអាស៊ាន និង ដៃគូសន្ទនាអាស៊ានទាំងអស់ ដើម្បីដឹកនាំសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្ពោះទៅរកភាពធន់រឹងមាំ ចីរភាព បរិយាប័ន្ន និងភាពប្រកួតប្រជែងខ្ពស់។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ មានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ដែលបានចាប់ផ្តើម បង្កើតដំបូងនៅ ឆ្នាំ២០១២ នៅភ្នំពេញ។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំ នៅក្នុងពិភពលោកដោយមានប្រជាជនប្រមាណ ២២០០លាននាក់ ឬ ស្មើនឹង៣០ភាគរយ នៃប្រជាជនពិភពលោក ព្រមទាំងមានទំហំពាណិជ្ជកម្ម ២៨ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោក។
គួររំលឹកផងដែរថា កិច្ចព្រមព្រៀងអាសិប បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដោយបានក្លាយជាឆ្អឹងខ្នងដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគ អោយកាន់តែធំទូលាយជាងមុន ព្រមទាំងបានផ្តល់ទីផ្សារសម្រាប់ការនាំចេញរបស់កម្ពុជាទៅលើមុខទំនិញរាប់រយមុខបន្ថែមទៀត៕(ដោយ៖ សូដាវណ្ណ)
