ភ្នំពេញ៖ ឆ្លើយតបតាមការស្នើសុំរបស់រាជរដ្ឋាភិបាលកម្ពុជាលើការកៀរគរក្រុមហ៊ុនជប៉ុន ដើម្បីពង្រីកអាជីវកម្មនៅកម្ពុជា។ លោកប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ ជេត្រូ (JETRO) បានបញ្ជាក់ថា នឹងព្យាយាមជំរុញដល់ក្រុមហ៊ុនជប៉ុនផ្សេងៗទៀត ឲ្យគិតគូរបន្ថែមក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
ក្នុងជំនួបការងារ រវាងលោក ណូប៊ុហ៊ីកូ សាសាគិ (Nobuhiko Sasaki) ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន នៅរសៀលថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ នៅរាជធានីភ្នំពេញ ក្នុងគោលបំណង ដើម្បីជំរុញបរិយាកាសធុរកិច្ច និងបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែប្រសើឡើង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់អំពីទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន បន្តចូលរួមទាក់ទាញវិនិយោគិនជប៉ុនមកកម្ពុជាឱ្យកាន់តែច្រើន និងពិនិត្យលទ្ធភាពក្នុងការគាំទ្រដល់ចលនាភូមិមួយផលិតផលមួយ ជាពិសេសការរៀបចំពិព័រណ៍ និងលក់ផលិតផលខ្មែរនៅទីផ្សារជប៉ុន។
ឯកឧត្តម បានស្នើសុំឱ្យអង្គការ ជេត្រូ សហការចូលរួមពិព័រណ៍ OVOP 2022 ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា និងជួយសម្របសម្រួលក្នុងការពិនិត្យលទ្ធភាពសិក្សារបន្ថែម អំពីកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងជប៉ុន និងកម្ពុជា ព្រមទាំងស្នើសុំអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ឱ្យកៀរគរក្រុមហ៊ុនជប៉ុនដែលមានទីតាំងនៅប្រទេសជិតខាង ជាពិសេសថៃ បូក១ និងវៀតណាម បូក១ ពិចារណាដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនមកកម្ពុជា។
ជាការឆ្លើយតប ភាគីជប៉ុន បានថ្លែងអំណរគុណដល់កម្ពុជាសម្រាប់ការគាំទ្រយ៉ាងខ្លាំងលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាពិសេសក្រសួងពាណិជ្ជកម្ម ដែលតែងតែគាំទ្រដល់ក្រុមហ៊ុនជប៉ុន ក្នុងការវិនិយោគនៅកម្ពុជា និងបានចូលរួមអបអរសាទរដល់កម្ពុជា ចំពោះភាពជោគជ័យរបស់ខ្លួន ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននាពេលកន្លងមក និងកិច្ចប្រជុំពាក់ព័ន្ធនានា។
លោកប្រធានបានស្នើសុំកិច្ចសហប្រតិបត្តិការពីក្រសួងបន្ថែមទៀត ដើម្បីជំរុញការនាំចេញផលិតផលជប៉ុន ជាពិសេសផលិតផលគ្រឿងសម្អាង និងអាហារមកកាន់ទីផ្សារកម្ពុជា។
ជាមួយគ្នានេះ លោកប្រធានអង្គការ ក៏បានជំរុញឱ្យភាគីកម្ពុជាសិក្សា និងស្វែងយល់ពីតម្លៃបន្ថែម ដើម្បីឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បើប្រៀបធៀបទៅនឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហើយវាជាក្របខ័ណ្ឌដែលសម្រេចដោយរដ្ឋាភិបាលជប៉ុន។ លោកបានបន្តថា អង្គការគ្រោងនឹងរៀបចំសិក្ខាសាលាថៃ បូក១ នៅប្រទេសថៃដើមឆ្នាំ២០២៣ ដើម្បីទាក់ទាញក្រុមហ៊ុនជប៉ុនដែលមានទីតាំងក្នុងប្រទេសថៃ ដើម្បីពិនិត្យលទ្ធភាពពង្រីកអាជីវកម្មរបស់ពួកគេ ឱ្យមកវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសតាមរយៈច្រកអន្តរជាតិប៉ោយប៉ែត៕(ដោយ៖ ឈិត បូរ៉ាវី)




