ភ្នំពេញ៖ សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន ប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូថ្នាក់ប្រមុខរដ្ឋ រដ្ឋាភិបាលអាស៊ាន ចូលសវនាការជាមួយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយជូនស្តីពីដំណើរការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងព្រះបរមរាជវាំង នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។
ប្រមុខរដ្ឋ/រាជរដ្ឋាភិបាលអាស៊ាន ចំនួន ៣៤ប្រទេស និងស្ថាប័នអន្តរជាតិ បានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ប្រមុខរដ្ឋ/រាជរដ្ឋាភិបាលអាស៊ាន មានដូចជា : ព្រះមហាក្សត្រប្រុយណេ ប្រធានាធិបតីឥណ្ឌូនេស៊ី ប្រធានាធិបតីហ្វីលីពីន នាយករដ្ឋមន្ត្រីចិន វៀតណាម ឡាវ ថៃ សឹង្ហបុរី រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ។
តាមកម្មវិធីដែលបានគ្រោងទុកនៅថ្ងៃទី១១ ខែវិច្ឆិកា ស្អែកនេះ ប្រធានាធិបតីកូរ៉េ អនុប្រធានាធិបតីឥណ្ឌា អគ្គលេខាធិការអង្គការសហប្រជាជាតិ នាយករដ្ឋមន្ត្រីអូស្ត្រាលី នាយករដ្ឋមន្ត្រីជប៉ុន នឹងអញ្ជើញមកដល់កម្ពុជា។
ចំណែកនៅថ្ងៃទី១២ ខែវិច្ឆិកា តាមកម្មវិធី គឺប្រធានាធិបតីសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីកាណាដា និងញូវហ្សឺឡេន នឹងអញ្ជើញមកដល់កម្ពុជា។

















