អាមេរិក៖ លោកប្រធានាធិបតីអាមេរិក Joe Biden ដែលបានគាំទ្រដោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលសមាជិកគណបក្សប្រជាធិបតេយ្យរបស់លោក ទទួលបានលទ្ធផលល្អប្រសើរជាងការរំពឹងទុក បាននិយាយកាលពីថ្ងៃពុធ ៩ វិច្ឆិកាថា ការបោះឆ្នោតកាលពីថ្ងៃអង្គារ ៨ វិច្ឆិកា ល្អសម្រាប់លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែលទ្ធផលបានបង្ហាញថា ប្រជាជនអាមេរិកនៅតែខកចិត្ត។ លោកបានប្រាប់ក្រុមអ្នកសារព័ត៌មាននសេតវិមានថា ខ្ញុំគិតថានោះជាថ្ងៃល្អ សម្រាប់លទ្ធិប្រជាធិបតេយ្យ។
ក្រុមមន្ត្រីសេតវិមាន បានបញ្ជាក់បន្ថែមថា គណបក្សប្រជាធិបតេយ្យ បានធ្វើល្អជាងការរំពឹងទុក បន្ទាប់ពី លោក Biden បានផ្ដោតលើយុទ្ធនាការរបស់លោកយ៉ាងសំខាន់លើការទប់ស្កាត់ការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក ធានាសិទ្ធិរំលូតកូន និង ការលើកតម្កើងគោលនយោបាយសេដ្ឋកិច្ចរបស់លោក។
គណបក្សសាធារណរដ្ឋទទួលបានការកើនឡើងតិចតួចនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក ហើយទំនងជាអាចគ្រប់គ្រងសភា ប៉ុន្តែការគ្រប់គ្រងរបស់ព្រឹទ្ធសភាពឹងផ្អែកលើការប្រណាំងប្រជែងបីសំឡេង ដែលនៅតែប្រកៀកប្រកិតគ្នា ។
លោក Biden បាននិយាយថាលោកត្រៀមធ្វើការជាមួយគណបក្សសាធារណរដ្ឋ និងជំរុញ ឲ្យគណបក្សនេះធ្វើការរួមគ្នាជាមួយលោក បន្ទាប់ការបង្ហាញលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលរបស់គណបក្សប្រជាធិបតេយ្យ៕ សុខមាន