Meta Platforms បាននិយាយកាលពីថ្ងៃពុធ ទី៩ ខែវិច្ឆិកាថា ខ្លួននឹងកាត់បន្ថយការងារជាង 11,000 កន្លែង ឬ 13 ភាគរយនៃកម្លាំងពលកម្មរបស់ខ្លួន ជាការកាត់បន្ថយចំនួនដ៏ច្រើនបំផុតនៅឆ្នាំនេះ ដោយសារតែ ក្រុមហ៊ុនមេរបស់Facebook បានខាតបង់ច្រើន និងទីផ្សារផ្សាយពាណិជ្ជកម្មធ្លាក់ចុះ និងអតិផរណាខ្ពស់មិនធ្លាប់មាន។
លោក Mark Zuckerberg អគ្គនាយកក្រុមហ៊ុននេះ បាននិយាយនៅក្នុងលិខិតមួយផ្ញើទៅកាន់បុគ្គលិកកាលពីថ្ងៃពុធថា ក្រុមហ៊ុន Meta បានសម្រេចកាត់បន្ថយបុគ្គលិកចំនួន 11,000នាក់ ស្មើប្រហែល១៣% នៃកម្លាំងពលកម្ម ខណៈប្រាក់ចំណូលធ្លាក់ចុះ។
ការកាត់បន្ថយចំនួននេះ បានកើតឡើង ត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនបណ្ដាញសង្គម Twitter របស់មហាសេដ្ឋីលោក Elon Musk បានកាត់បន្ថយបុគ្គលិករបស់ខ្លួនប្រមាណ 7,500 នាក់។ មានការកាត់បន្ថយចំនួនបុគ្គលិក យ៉ាងច្រើននៅក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀត ដែលបានជួលភ្លាមៗ អំឡុងជំងឺរាតត្បាតសកល។
លោក Zuckerberg បាននិយាយថា លោកបានសម្រេចចិត្តជួលបុគ្គលិកបន្ថែមយ៉ាងច្រើន ដោយរំពឹងពីកំណើនដ៏ឆាប់រហ័ស បន្ទាប់ពីជំងឺរាតត្បាតសកលបានបញ្ចប់ទៅ តែគួរឲ្យស្ដាយអ្វីៗមិនដូចការរំពឹងទុករបស់ខ្ញុំ ៕សុខមាន