ឥណ្ឌូនេស៊ី៖ មន្ត្រីរដ្ឋាភិបាលឥណ្ឌូនេស៊ី បាននិយាយនៅក្នុងកិច្ចសម្ភាសន៍របស់សារព័ត៌មានមួយថា លោកប្រធានានាធិបតី រុស្ស៊ី Vladimir Putin នឹងមិនចូលរួមកិច្ចប្រជុំកំពូល G20 នៃបណ្ដាមេដឹកនាំពិភពលោកនៅកោះបាលី(Bali) សប្ដាហ៍ក្រោយទេ។
មន្ត្រីខាងលើបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នឹងតំណាងឲ្យលោក Putin នៅកិច្ចប្រជុំនោះ ។
យោងតាមសារព័ត៌មាន Reuters លោក Jodi Mahardi អ្នកនាំពាក្យសម្រាប់រដ្ឋមន្ត្រីសម្របសម្រួលដែនសមុទ្រ និងកិច្ចការវិនិយោគ បាននិយាយថា ទោះយ៉ាងណាក៏ដោយ មេដឹកនាំរុស្ស៊ី រូបនេះ នឹងចូលរួមកិច្ចប្រជុំមួយក្នុងចំណោមជំនួបជាច្រើនរបស់កិច្ចប្រជុំកំពូលនេះ តាមវីដេអូ ។
កាលពីដើមសប្ដាហ៍នេះ លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានប្រាប់សារព័ត៌មាន Financial Times ថា លោកជឿជាក់យ៉ាងមុតមាំថា មេដឹកនាំរុស្ស៊ី នឹងមិនចូលរួមកិច្ចប្រជុំនេះទេ។
កិច្ចប្រជុំកំពូល G20នេះ នឹងក្លាយជាការជួបជុំបណ្ដាមេដឹកនាំដំបូងនៃប្រទេសមានសេដ្ឋកិច្ចលូតលាស់បំផុតរបស់ពិភពលោក ចាប់តាំងពីរុស្ស៊ី បានវាយលុកអ៊ុយក្រែនមក ៕ សុខមាន