ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ២០២៣ ដោយមានប្រវែងប្រមាណ ១៣៨ គីឡូម៉ែត្រ និងគ្រោងចំណាយ ១.៦ ពាន់លានដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនប្រទេសចិន ។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន លើកឡើងក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងក្របខ័ណ្ឌ សម្រាប់គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នៅថ្ងៃទី ១០ ខែវិច្ឆកា ឆ្នាំ២០២២ នេះថា ការសាងដងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិតនេះ គ្រោងចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២៣ ហើយនិងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២៦ ឬដើមឆ្នាំ ២០២៧ ដោយគម្រោងនេះមានប្រវែងប្រមាណ ១៣៨ គីឡូម៉ែត្រ រួមជាមួយការសាងសង់ស្ពានឆ្លងទន្លេមេគង្គ ប្រវែងប្រមាណ ៥ គីឡូម៉ែត្រ សរុបថវិកាសម្រាប់ការសាងសង់ប្រមាណ ១ ៦៣៨ លានដុល្លារអាមេរិក ដោយគម្រោងនេះ នឹងសាងសង់ឲ្យចប់ស្របតាមផ្លូវល្បឿនលឿនក្រុងហូជីវិញ មកកាន់បាវិត ។
ឯកឧត្តម ស៊ុន ចាន់ថុល បន្តឲ្យដឹងថា ការសាង់ផ្លូវល្បឿនលឿននេះ គឺមានសារៈសំខាន់ណាស់ ក្នុងការតភ្ជាប់ពីប្រទេសចិនមកកាន់ប្រទេសភូមា ថៃ កម្ពុជា និងទៅកាន់ប្រទេសវៀតណាម, ហើយផ្លូវនេះ គឺផ្លូវអាស៊ានលេខ ១ ដែលក្នុងនោះកម្ពុជាកំពុងពង្រីកពី ២ គន្លង ទៅ ៤ គន្លង ពីប៉ោយប៉ែត មកភ្នំពេញ ហើយនឹងតភ្ជាប់ពីភ្នំពេញ ទៅបាវិត ដើម្បីសម្រាប់ដល់ការដឹកជញ្ជូនកាន់តែងាយស្រួល ការដឹកអ្នកដំណើរ និងការសម្រួលដល់ចរាចរណ៍ទំនិញជាដើម៕
អត្ថបទ៖ សុន រ៉ាឌី