ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំធុរកិច្ច និងការវិនិយោគអាស៊ានឆ្នាំ២០២២ ក្រោមប្រធានបទ “អាស៊ានរួមគ្នាធ្វើដោះស្រាយបញ្ហាប្រឈម” ថ្ងៃទី១០ ខែវិច្ឆិកា នៅសណ្ឋាគារភុគិត្រា សំគាល់ឃើញថា ធុរកិច្ចជនមកពីបណ្តាប្រទេសអាស៊ាន និងប្រទេសដៃគូសន្ទនា បានបង្ហាញការប្តេជ្ញាចិត្តបង្កើតដៃគូពាណិជ្ជកម្ម និងរួមគ្នាដោះស្រាយបញ្ហាប្រឈម វិបត្តិអាស៊ាន ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចអាស៊ាន ។
ឧកញ៉ា តាន់ ម៉ូលីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ម ថ្លែងថា មើលឃើញថា ទាំងភាគីប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្នុងវិស័យឯកជន មានជជែកដេញដោលគ្នាច្រើន និងបានបង្កើតយន្តការរួមគ្នាមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់អាស៊ាន រហូតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគ្នាជាច្រើន ដោយធ្វើយ៉ាងណាជម្រុញកិច្ចអភិវឌ្ឍន៍ និងជម្រុញអាជីវកម្ម ការវិនិយោគមានភាពងើបឡើងវិញ ក្រោយវិបត្តិកូវីដ។
លោក ឧកញ៉ា តាន់ ម៉ូលីវណ្ណ បន្តថា ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច ក្រុមប្រឹក្សាពិគ្រោះយោបល់ ក្រុមធុរជន បណ្តាប្រទេសអាស៊ាន បានពិភាក្សាជម្រុញភ្ជាប់ទំនាក់ទំនង ធ្វើការងារមួយចំនួនរួមមាន៖ ការជម្រុញការផលិតនាំចេញទៅទីផ្សារក្រៅតំបន់អាស៊ាន ជម្រុញការផ្លាស់ប្តូរបច្ចេកវិទ្យាព័ត៌មាន ថាមពល និងទេសចរណ៍ជាដើម។
លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា CATAថ្លែងថា នៅក្នុងកិច្ចប្រជុំធុរកិច្ច និងការវិនិយោគអាស៊ាននេះ កម្ពុជាទទួលអត្ថប្រយោជន៍ច្រើន ហើយក្នុងកិច្ចប្រជុំនេះគឺមានគិតគូច្រើនផងដែរទៅលើវិស័យទេសចរណ៍ដែលជាវិស័យអាទិភាពដើម្បីជម្រុញកំណើនសេដ្ឋកិច្ចអាស៊ានដំបូងគេ។
របាយការណ៍ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន គឺមានទំហំប្រមាណ ១២ ពាន់លានដុល្លាអាមេរិក កើនឡើង១០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
ក្នុងនោះកម្ពុជាបាននាំចេញទំនិញទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ានមានប្រមាណ ២ ពាន់លានដុល្លាអាមេរិច ហើយអាស៊ាននាំទំនិញចូលមកកម្ពុជាវិញមានប្រមាណជាង ១០ពាន់លានដុល្លាអាមេរិច៕ អត្ថបទ ស៊ុម សុខជា