ភ្នំពេញ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នឹងធ្វើដំណើរមកទស្សនកិច្ចនៅប្រទេស កម្ពុជារយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
នេះបើតាមសេចក្តី ជូនដំណឹងរបស់ការិយាល័យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដែលទូរទស្សន៍ប៊ីធីវីទទួលបាននារសៀលថ្ងៃនេះ។
សេចក្តីជូនដំណឹង បានឲ្យដឹងថា លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ (UNSG)និងគណៈប្រតិភូនឹងចូលរួមក្នុងកិច្ចប្រជុំអាស៊ាន និងអង្គការសហប្រជាជាតិលើកទី១២ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានានៅទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងដំណើរទស្សនកិច្ចនេះ លោកអគ្គលេខាធិការ ក៏នឹងធ្វើទស្សនកិច្ចទៅកាន់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងផងដែរ។
តាមរយៈសេចក្តីជូនដំណឹងនេះ ការិយាល័យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា សូមអញ្ជើញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមពិធីថ្លែងសុន្ទរកថារបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីលោកបញ្ចប់ទស្សនកិច្ចនៅ សារមន្ទីរនេះ។ សុន្ទរកថារបស់ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres នឹងធ្វើឡើងនៅបរិវេណសារមន្ទីរផ្ទាល់៕អត្ថបទ៖បាន ចក់


