ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងជាប្រធានអន្តរសភាអាស៊ានលើកទី៤៣ (AIPA) បានថ្លែងថា ការទូតសភាកាន់តែមានសារៈសំខាន់ខ្លាំងឡើង ក្នុងការបង្កើតនូវវិធីសាស្រ្តពហុភាគី ដើម្បីដោះស្រាយបញ្ហាដ៏ស្មុគស្មាញ ដែលកំពុងកើតឡើងនៅលើពិភពលោក ។
ក្នុងកិច្ចប្រជុំទល់មុខជាមួយប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលអាស៊ាន ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ នៅថ្ងៃសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចពញាចក្រី ហេង សំរិន មានប្រសាសន៍ថា បច្ចុប្បន្ន អាស៊ានក៏ដូចជាប្រទេសដទៃនៅលើសកលលោក កំពុងស្ថិតនៅក្នុងចំណុច មួយប្រឈម ទៅនឹង បញ្ហាកាន់តែស្មុគស្មាញ ។
សម្ដេចពញាចក្រីបន្តថា ការទូតសភាកាន់តែមានសារៈសំខាន់ខ្លាំងឡើង ក្នុងការបង្កើតនូវវិធីសាស្រ្តពហុភាគី ដើម្បីដោះស្រាយ បញ្ហាដ៏ស្មុគស្មាញទាំងនេះ ដោយផ្អែកលើគុណតម្លៃរួមរបស់ AIPA ដូចមានចែងនៅក្នុងលក្ខន្តិកៈ ដូចជាការលើកកម្ពស់ គោលការណ៍សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់អាស៊ាន ។
សម្ដេចប្រធានរដ្ឋសភា បន្ថែមថា កិច្ចសន្ទនា និងការពិគ្រោះយោបល់នាពេលនេះ នឹងផ្តល់នូវលទ្ធផលដ៏ប្រសើរ ដោយធានាបានថា ឯកភាព និងមជ្ឈភាពរបស់អាស៊ាន នឹងត្រូវរក្សាបាន យើងអាចធ្វើការងាររួមគ្នា ដើម្បីជំរុញឲ្យការងើបឡើងវិញ ពីរាតត្បាតនៃជំងឺកូវីដ-១៩ កាន់តែមានភាពរឹងមាំ និងល្អប្រសើរជាងមុន ហើយធ្វើយ៉ាងណា ដើម្បីពង្រឹងមូលដ្ឋានគ្រឹះសំដៅសម្រេចបាននូវសហគមន៍អាស៊ានមួយ ដែលមានភាពធន់ និងប្រកបដោយវិបុលភាព ។
ជាមួយនេះ សម្តេចពញាចក្រី ហេង សំរិន បានបន្តទៀតថា AIPA គាំទ្រយ៉ាងពេញទំហឹងចំពោះមូលបទ ដែលត្រូវបានជ្រើសរើស សម្រាប់កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៣ គឺ“អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” ដែលជាមូលបទ មានសារៈសំខាន់ និងស្របតាមបរិបទពិភពលោកដែលកំពុងវិវត្ត និងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ។
គួរបញ្ជាក់ថា ក្នុងនាមប្រធានអន្តរសភាអាស៊ានប្តូរវេននៅក្នុងឆ្នាំ២០២២ សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត AIPA លើកទី៤៣ ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ដោយគ្រោងនឹងជ្រើសរើសមូលបទ “កាបោះជំហ៊ានជាមួយគ្នាដើម្បីតំបន់អាស៊ានមួយ ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់” ផ្តោតលើការស្តារសេដ្ឋកិច្ចសង្គមឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាការពង្រឹង ពហុភាគីនិយម ដើម្បីធានាសន្តិភាព និងសន្តិសុខក្នុងតំបន់ ៕ អត្ថបទ បាន សុខរិទ្ធិ








