ក្រិក៖ នគរបាលប្រទេសក្រិក បានឃុំខ្លួនមនុស្សយ៉ាងហោចណាស់ ១០ នាក់កាលពីថ្ងៃពុធ បន្ទាប់ពីការប៉ះទង្គិចគ្នាបានផ្ទុះឡើងក្នុងអំឡុងពេលការតវ៉ានៅខាងក្រៅសភាប្រឆាំងការកើនឡើងអតិផរណាដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេ។
នគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុម បាតុករដែលបានគប់ដុំថ្ម និងគ្រាប់បែកសាំងដាក់លើនគរបាល។ រថយន្តមួយគ្រឿង និងបង្អួចហាងមួយចំនួនបានរងការខូចខាត។
បុគ្គលិករាប់ពាន់នាក់បានបន្តធ្វើកូដកម្មទាមទារប្រាក់ឈ្នួលខ្ពស់ដើម្បីទប់ទល់នឹងអតិផរណា ខណៈដែលតម្លៃថាមពលនិងការចំណាយសម្រាប់ជីវភាពរស់នៅកើនឡើងនៅអឺរ៉ុបបង្កឱ្យមានសកម្មភាពឧស្សាហកម្ម និងការតវ៉ានៅទូទាំងទ្វីប។
នគរបាលនិយាយថា អ្នកតវ៉ាប្រមាណ ២ម៉ឺននាក់បានចូលរួមក្នុងបាតុកម្មហែក្បួនទៅកាន់សភានៅទីក្រុង Athens ។
វាគឺជាសកម្មភាពចុងក្រោយនៅអឺរ៉ុប ដែលមានការកើនឡើងវិបត្តិក្នុងជីវភាពរស់នៅ និងតម្លៃថាមពលកើនឡើងបន្ទាប់ពីការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន បណ្តាលឱ្យមានបាតុកម្មកម្មក្នុងខែនេះនៅចក្រភពអង់គ្លេស បារាំង អេស្ប៉ាញ និងអាល្លឺម៉ង់ ជាប្រទេសមានសេដ្ឋកិច្ចធំបំផុតក្នុងតំបន់៕