
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២២នេះ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Dao Ngoc Dung រដ្ឋមន្ត្រីក្រសួងការងារ ជនពិការ និងសង្គមកិច្ច នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីស្តីការក្រសួងការងារ។
ប្រភពពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្រោយចប់ជំនួបការងារនេះ បានឲ្យដឹងថា តាមរយៈជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវមោទកភាពចំពោះលទ្ធផលជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ដែលបានជួយជំរុញឱ្យមានកំណើន នៃការវិនិយោគទុន និងពាណិជ្ជកម្មកាន់តែកើនឡើង ក៏ដូចជាបង្កើតនូវឱកាសមុខរបរ និងការងារជូនប្រជាជននៃប្រទេសទាំងពីរកាន់តែប្រសើរ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិរៀងៗខ្លួន។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី អ៊ិត សំហេង បានសម្តែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិ បុព្វហេតុជាតិមាតុភូមិនៃប្រទេសទាំងពីរក្នុងឱកាសខួបទី៥៥ឆ្នាំ នៃចំណងការទូតកម្ពុជា- វៀតណាម។
ឯកឧត្តម បានមើលឃើញពីការរីកចម្រើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងថ្លែងអំណរគុណចំពោះភាគីវៀតណាម ដែលបានផ្តល់អាហារូបករណ៍មកដល់និស្សិតកម្ពុជាកន្លងមក។
ឯកឧត្តមជឿជាក់ថា វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ របស់វៀតណាម មានទាំងគុណភាព បទពិសោធន៍ ហើយសង្ឃឹមថា វៀតណាមនឹងបង្កើនផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាច្រើនបន្ថែមទៀត។
ជាកិច្ចឆ្លើយតប ភាគីវៀតណាម បានសន្យាផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាឲ្យបានកាន់តែច្រើនទៀតលើផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះ ដើម្បីជាធនធានមួយដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឲ្យមានភាពរីកចម្រើនជាបន្តបន្ទាប់។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានឯកភាពចំពោះសំណើររបស់ឯកឧត្តម អ៊ិត សំហេង ដែលស្នើឱ្យមានការផ្លាស់ប្តូរគណៈប្រតិភូទស្សនកិច្ចសិក្សាដកស្រង់នូវបទពិសោធន៍ពីគ្នាលើការអនុវត្តល្អនានា ដោយប្រទេសទាំងពីរមានស្ថានភាពប្រហាក់ប្រហែលគ្នា ជាពិសេសគឺបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូជាច្រើនដូចគ្នា។
បន្ថែមពីនេះ ភាគីវៀតណាមក៏បានសន្យានឹងជួយគាំទ្រកម្ពុជាទៅលើគម្រោងជាច្រើន សំដៅជំរុញបង្កើនល្បឿនកិច្ចសហប្រតិបត្តិការទាំងកម្រិតទ្វេរភាគី អាស៊ាន និងក្របខណ្ឌតំបន់ផងដែរ។
យោងតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ រយៈពេល ៥ឆ្នាំបន្តទៀត ដែលទើបចុះហត្ថលេខាកាលពីថ្ងៃទី៨ ខែវិច្ឆិកាកន្លងទៅ ក្រោមវត្តមានសក្ខីភាពដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ នៅវិមានសន្តិភាព ភាគីទាំងពីរបានឯកភាពឱ្យក្រុមការងារបច្ចេកទេសទាំងពីរ រៀបចំឱ្យមានផែនការសកម្មភាពប្រចាំឆ្នាំដើម្បីតាមដានការអនុវត្ត។ សូមបញ្ជាក់ថា គោលបំណងសំខាន់នៃអនុស្សរណៈខាងលើនេះគឺ៖ ការលើកទឹកចិត្តការផ្លាស់ប្តូរទស្សនៈកិច្ចរវាងមន្រ្តីទទួលបន្ទុក និងមន្រ្តីជំនាញ, ការគ្រប់គ្រងទេសន្តរប្រវេសន៍ការងាររវាងប្រទេសទាំងពីរ និងការផ្លាស់ប្ដូរព័ត៌មាន ដើម្បីទប់ស្កាត់ការជ្រើសរើស និងប្រើប្រាស់ពលករខុសច្បាប់ ក៏ដូចជាការទប់ស្កាត់ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្សជាដើម៕ អត្ថបទ៖ឈិត បូរ៉ាវី


