ភ្នំពេញ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រមុខដឹកនាំអាស៊ានចាប់ផ្តើមអញ្ជើញដំណើរការបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រធានអាស៊ាន ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
អំឡុងកម្ពុជាធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន មានបញ្ហាចម្រុះជាច្រើនដែលមេដឹកនាំអាស៊ាន និងប្រទេសមហាអំណាចគ្រោងនឹងជួបគ្នាក្នុងកិច្ចប្រជុំ ក៏ដូចជាទ្វេភាគី ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ។
ជាមួយពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននេះ ត្រូវបានមជ្ឈមដ្ឋានលើសកលលោក បានផ្តោតលើបញ្ហាចម្រូងចម្រាសជាអន្តរជាតិ៥ធំៗ ទី១ បញ្ហាជម្លោះនៅមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ បញ្ហាកោះតៃវ៉ាន់ និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។



