ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានថ្លែងថា បន្ទាប់ពីរងផលប៉ះពាល់ពីបញ្ហានៃជំងឺកូវីដ-១៩ សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាន ងើបឡើងវិញបានបន្តិច និងឆ្ពោះទៅរកកំណើនខ្ពស់បណ្ដើរៗ ទាំងឆ្នាំនេះ និងឆ្នាំក្រោយ ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្នជានិច្ច ព្រោះនៅតែមានភាពផុយស្រួយ និងមានការបែកខ្ញែកគ្នានៅឡើយ ។
ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ជាមួយនឹងការព្យាយាម និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីលះបង់របស់យើង តាមរយៈសមាជិកអាស៊ាននីមួយៗ និងអាស៊ានជារួម យើងអាចប្រកាសដោយមោទនភាពថា យើងបានយកឈ្នះលើការគម្រាមគំហែងរបស់ជំងឺកូវីដ-១៩ ហើយបានចាប់ផ្ដើមដំណើការស្ដារឡើងវិញ នូវសកម្មភាពសង្គម-សេដ្ឋកិច្ច ។
សម្ដេច បានបន្តថា ផ្អែកតាមការវាយតម្លៃ និងព្យាករណ៍របស់ការិយាល័យស្រាវជ្រាវសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) កាលពីខែតុលាកន្លងទៅ រដ្ឋសមាជិកអាស៊ាននីមួយៗ នឹងទទួលបាននូវកំណើនសេដ្ឋកិច្ចជាវិជ្ជមាន ហើយតំបន់ទាំងមូល នឹងអាចសម្រេចបានកំណើនក្នុងអត្រា ៥,៣ភាគរយ ក្នុងឆ្នាំ២០២២ និង ៤,៩ភាគរយ ក្នុងឆ្នាំ២០២៣ ដែលជាអត្រាខ្ពស់ បើធៀបទៅនឹងតំបន់ផ្សេងទៀត នៃសកលលោក ប៉ុន្តែនៅតែមានភាពផុសស្រួយ និងត្រូវមានការប្រុងប្រយ័ត្ន ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ សេដ្ឋកិច្ចក្នុងតំបន់អាស៊ាន ដែលកំពុងជួបបញ្ហានៃវិបត្តិជំងឺកូវីដ-១៩ មានត្រឹម ៣,១ភាគរយប៉ុណ្ណោះ និងស្ថិតក្នុងស្ថានភាពនៃការឆ្លងរាលដាលច្រើននូវជំងឺកាចហាវនេះ ៕ អត្ថបទ បាន សុខរិទ្ធិ













