អ៊ុយក្រែន៖ ទាហានអ៊ុយក្រែន និយាយថា ខ្លួនដណ្ដើមបានដែនដីដ៏ធំកាលពីថ្ងៃព្រហស្បតិ៍ ជុំវិញតំបន់ Kherson បន្ទាប់ពីទាហានរុស្ស៊ី និយាយថាខ្លួនកំពុងដកកងទ័ពចេញពីទីក្រុងភាគខាងត្បូងមួយនេះ។
ទាហានអ៊ុយក្រែន និយាយថា ពួកគេបានដណ្ដើមយកមកវិញនូវទីប្រជុំជនដ៏សំខាន់ Snihurivka ស្ថិតនៅចម្ងាយ50km រហូតដល់ភាគខាងជើងតំបន់ Kherson។
ទីក្រុង Kyiv ក៏បានអះអាងផងដែរពីការរុលទៅមុខដ៏ធំនៅលើសមរភូមិមុខ២ជិតតំបន់ Kherson រួមទាំងការវាយរុលទៅមុខចម្ងាយ7km នៅទីតាំងមួយចំនួន ។
រុស្ស៊ី និយាយថា ខ្លួនបានចាប់ផ្ដើមដកទ័ពចេញពីទីក្រុងនេះ ដែលជាការដណ្ដើមបានដ៏ធំក្នុងការវាយលុករបស់ខ្លួន ប៉ុន្តែដំណើរការអាចចំណាយពេលច្រើនសប្ដាហ៍។
ការប្រកាសកាលពីថ្ងៃពុធ ត្រូវបានបង្ហាញពីការបាត់បង់ដ៏ធំមួយសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់ទីក្រុងMoscowទោះបីជាក្រុមមន្ត្រីអ៊ុយក្រែន នៅតែសង្ស័យ ដោយព្រមានថាសកម្មភាពនោះអាចជាអន្ទាក់។
ពុំទាន់មានភស្តុតាងភ្លាមៗពីការដកកងទ័ពទ្រង់ទ្រាយធំណាមួយរបស់រុស្ស៊ីចេញពីតំបន់Khersonនៅឡើយទេ។
អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែនលោក Valeriy Zaluzhny បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថា លោកមិនអាចបញ្ជាក់ ឬប្រកែកការដកទ័ពរបស់រុស្ស៊ីបានទេ ប៉ុន្តែបាននិយាយថា កងកម្លាំងរបស់លោក បានវាយរុលទៅមុខដ៏ខ្លាំងក្លា។
លោក Zaluzhny បាននិយាយថាទាហានរបស់លោកបានវាយរុញឆ្ពោះទៅកាន់សមរភូមិជួរមុខចំនួន២ នៅច្រាំងភាគខាងលិចទន្លេ Dnipro ដែលព័ទ្ធជុំវិញតំបន់ Kherson ដោយដណ្ដើមគ្រប់គ្រងភូមិចំនួន១២៕ សុខមាន