
ម្ចាស់ថ្មីរបស់ក្រុមហ៊ុនបណ្ដាញសង្គម Twitter លោក Elon Muskកាលពីថ្ងៃព្រហស្បតិ៍ ទី១០វិច្ឆិកា បានលើកឡើងពីលទ្ធភាពឈានទៅការក្ស័យធននៃ platform របស់បណ្ដាញសង្គមនេះ ជាថ្ងៃដ៏ចលាចល រួមទាំងការព្រមានពីនិយតករអាមេរិក និងការចាកចេញរបស់ក្រុមនាយកប្រតិបត្តិជាន់ខ្ពស់ជាច្រើនដែលត្រូវគេមើលឃើញថាជាក្រុមមេដឹកនាំនាពេលអនាគត។
សារព័ត៌មាន Bloomberg បានរាយការណ៍ថា មហាសេដ្ឋីរូបនេះ បានប្រាប់ក្រុមបុគ្គលិកក្រុមហ៊ុន Twitter តាមទូរស័ព្ទថា លោកមិនអាចច្រានចោលការក្ស័យធនបានទេ រយៈពេល២សប្ដាហ៍ បន្ទាប់ពីទិញក្រុមហ៊ុននេះ ក្នុងតម្លៃ៤៤ ពាន់លានដុល្លារអាមេរិក ជាកិច្ចព្រមព្រៀងដែលក្រុមអ្នកវិភាគហិរញ្ញវត្ថុ និយាយថា បញ្ហានេះ បានធ្វើឲ្យហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Twitter ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់។
បុគ្គលមួយរូបដែលបានដឹងព័ត៌មាននេះ បានប្រាប់សារព័ត៌មាន Reuters ថា នាយកប្រតិបត្តិ២រូប គឺ លោក Yoel Roth និង លោក Robin Wheeler ដែលបានសម្របសម្រួល Twitter Spaces chat ជាមួយលោក Musk កាលពីថ្ងៃពុធ ខណៈលោកបានព្យាយាមលោងលោមក្ដីបារម្ភរបស់ក្រុមអ្នកផ្សាយពាណិជ្ជកម្មនោះ បានលាលែងពីតំណែង ហើយ។
លោក Roth និងលោក Wheeler មិនបានឆ្លើយតបភ្លាមៗទេ ទៅនឹងសំណើរសុំការអត្ថាធិប្បាយនេះ ។ សារព័ត៌មាន Bloombergនិងគេហទំព័រ tech site Platformer បានរាយការណ៍ពីការលាលែងនេះមុន។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍នោះដែរ ប្រធានមន្ត្រីការិយាល័យសន្តិសុខរបស់ក្រុមហ៊ុន Twitter លោកស្រី Lea Kissner បានសរសេរនៅលើបណ្ដាញ Twitter ថាលោកស្រីបានលាឈប់ពីក្រុមហ៊ុននេះហើយ។
លោក Elon Musk បានប្រាប់បុគ្គលិកក្រុមហ៊ុន Twitter ថាលោកបានលក់ភាគហ៊ុនក្រុមហ៊ុន Teslaដើម្បីជួយសង្រ្គោះ បណ្ដាញសង្គមនេះ៕ សុខមាន