ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើដល់ភាគីថៃ បន្តគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួន ពិសេសគម្រោង លើកកម្ពស់ផ្លូវជាតិលេខ៦៨ និងពិនិត្យលទ្ធភាពបង្កើនការតភ្ជាប់ផ្នែកទន់ ដើម្បីសម្រួលដល់ការដោះដូរពាណិជ្ជកម្មឆ្លងកាត់ព្រំដែន រវាងប្រទេសទាំងពីរ។
ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Arkhom Term pittayapaisith រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ នៅថ្ងៃទី ១០ខែ វិច្ឆិកា ឆ្នាំ ២០២២ ឯកឧត្តម បានស្នើដល់ភាគីថៃ ផ្តល់គាំទ្រដល់បេក្ខភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនទៀត ពិសេសគម្រោងលើកកម្ពស់ផ្លូវជាតិលេខ ៦៨ ដោយគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ មិនត្រឹមតែបានតភ្ជាប់កម្ពុជា និងថៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយជំរុញសកម្មភាពពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងទេសចរណ៍ ព្រមទាំងលើកកម្ពស់ជីវភាពរបស់ប្រជាជនរវាងប្រទេសទាំងពីរ ក៏ដូចជាពន្លឿនការតភ្ជាប់ក្នុងតំបន់ផងដែរ។
ឯកឧត្តម ក៏បានស្នើដល់ភាគីថៃ ពិនិត្យលទ្ធភាពបង្កើនការតភ្ជាប់ផ្នែកទន់ផងដែរ ដើម្បីសម្រួលដល់ការដោះដូរពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ និងជំរុញការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅច្រកទ្វារអន្តរជាតិស្ទឹងបត់ ដែលជាច្រកដ៏សំខាន់ ដើម្បីសម្រួលដល់លំហូរទំនិញឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ។
ជាកិច្ចឆ្លើយតប, ឯកឧត្តម Arkhom Termpittayapaisith រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ បានលើកឡើងថា ក្រសួងហិរញ្ញវត្ថុថៃ នឹងបន្តសហការ និងត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដ៏ល្អនេះឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត ព្រមទាំងនឹងបន្តផ្តល់ឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត។ ភាគីថៃ នឹងជំរុញការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅច្រកស្ទឹងបត់ឱ្យបានឆាប់ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី