ចិន៖ ក្រុមអាជ្ញាធរចិនបានបង្កើនការទប់ស្កាត់ការឆ្លងរាលដាលវីរុស COVID-19 និងការទប់ស្កាត់ផ្សេងទៀត ដើម្បីបញ្ចប់ការឆ្លងរាលដាលជាក្រុម ស្របពេលករណីឆ្លងក្នុងប្រទេសចិន បានកើនឡើងដល់ចំនួនខ្ពស់បំផុត ចាប់តាំងពីការបិទទីក្រុងសៀងហៃនៅឆ្នាំនេះ ខណៈទីក្រុងប៉េកាំង និង ចឹងចូវ (Zhengzhou)នៃខេត្ត ហ៊ើណាន (Henan) កំពុងមើលឃើញករណីឆ្លងប្រចាំថ្ងៃហក់ឡើងខ្ពស់បំផុត ។
ប្រទេសចិន បានរាយការណ៍នៅថ្ងៃសុក្រនេះ ថាមានករណីឆ្លងថ្មីប្រចាំថ្ងៃក្នុងស្រុកចំនួន 10,535 នាក់ សម្រាប់ថ្ងៃទី១០វិច្ឆិកា ជាចំនួនខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី២៩ខែមេសា មកនៅពេលដែលទីក្រុងពាណិជ្ជកម្ម Shanghai របស់ប្រទេសនេះ កំពុងព្យាយាមទប់ទល់ការផ្ទុះរាលដាលដ៏ធ្ងន់ធ្ងរបំផុត ។
ការកើនឡើងករណីឆ្លងនៅទូទាំងប្រទេស នៅតែទាបតាមស្តង់ដារពិភពលោក និងសម្រាប់ប្រទេសដែលមានប្រជាជន 1.4 ពាន់លាននាក់ បានជំរុញឲ្យថ្នាក់ដឹកនាំកំពូលរបស់ប្រទេសចិនបញ្ជាក់ជាថ្មីពីយុទ្ធសាស្ត្រគ្មានការអត់ឱនចំពោះវីរុសរបស់ខ្លួន ជាគោលនយោបាយដែលលោកប្រធានាធិបតី Xi Jinping និយាយថា គឺដើម្បីជួយសង្គ្រោះជីវិតមនុស្ស ជាពិសេសក្នុងចំណោមមនុស្សចាស់របស់ប្រទេសចិន។
ទីក្រុង ខ្វាងចូវ (Guangzhou)ភាគខាងត្បូង ជាចំណុចកណ្ដាលនៃការប្រយុទ្ធប្រឆាំងជំងឺ COVID-19របស់ចិន បានរាយការណ៍ ករណីឆ្លងថ្មីចំនួន2,824 នាក់ សម្រាប់ថ្ងៃទី១០ខែ វិច្ឆិកា ជាថ្ងៃទី៤ដែលករណីឆ្លងបានហក់ឡើងខ្ពស់ជាង 2,000 នាក់ ៕សុខមាន