ភ្នំពេញ៖ ប្រតិភូភរិយាថ្នាក់ដឹកនាំបណ្តាប្រទេសសមាជិកអាស៊ាន និងភរិយារបស់ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក នាព្រឹកថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០២២នេះ បានអញ្ជើញទស្សនកិច្ចស្វែងយល់ពីបណ្ណាល័យសម្តេចម៉ែ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលដើរតួនាទីជាស្ថាប័នមួយ គាំពារដល់ការអប់រំ, ការសិក្សាស្រាវជ្រាវ និងការអភិរក្សប្រវត្តិសាស្ត្រកម្ពុជា។
ដំណើរទស្សនកិច្ចមកកាន់បណ្ណាល័យសម្តេចម៉ែ ក្រោមវត្តមានលោកជំទាវ Iriana Joko Widodo ភរិយាប្រធានាធិបតីឥណ្ឌូនេស៊ី, លោកជំទាវ Sichanh Viphavanh ភរិយានាយករដ្ឋមន្ត្រី នៃប្រទេសឡាវ, លោកជំទាវ Louise Araneta Marcos ភរិយាប្រធានាធិបតីហ្វីលីពីន, លោកជំទាវ Naraporn Chan-o-cha ភរិយារបស់នាយករដ្ឋមន្ត្រីថៃ និងលោកជំទាវ Hildegard Schwab-Stoll ភរិយារបស់ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) អមដំណើរដោយលោកជំទាវ ខេង សំវ៉ាដា ភរិយាឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រី្តការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា។
សូមបញ្ជាក់ផងដែរថា បណ្ណាល័យសម្តេចម៉ែ បើកសម្ភោធជាផ្លូវការនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ តម្កល់សៀវភៅរាប់ពាន់ក្បាល រួមជាមួយនឹងឯកសារ និងវត្ថុសិល្បៈ និងប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបានជាច្រើន ស្តីអំពីប្រវត្តិសាស្ត្រកម្ពុជា ឯកសារដែលតម្កល់ទុកនៅក្នុងបណ្ណាល័យ រួមមាន៖ បណ្ណសារឯកសារខ្មែរក្រហម របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលគួបផ្សំនូវឯកសារប្រមាណជាង ១លាន៧សែនទំព័រ ស្តីពីរបបខ្មែរក្រហម ក៏ដូចជាឯកសារសោទស្សន៍ដែលជាបទសម្ភាសន៍ កត់ត្រាទុកនូវបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមថែមទៀតផង។ បន្ថែមលើសពីនេះទៅទៀត បណ្ណាល័យក៏មានតម្កល់ទុកសៀវភៅ, ឯកសារជាក្រដាស, ឯកសារសោទស្សន៍ និងសម្ភារនានាស្តីពី ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ឯកសារទាំងអស់នេះ ត្រូវបានប្រមែប្រមូលចងក្រងដោយឯកអគ្គរាជទូត ហូលី យ៉ូ អេ. ហែលដ្រេស ក្នុងអំឡុងពេលដែលលោកសិក្សាស្រាវជ្រាវចងក្រងឯកសារស្តីពីសែស្រឡាយរាជវង្ស និងប្រវត្តិសាស្ត្រប្រទេសកម្ពុជា។
ជាចុងបញ្ចប់ បណ្ណាល័យសម្តេចម៉ែ មានតាំងបង្ហាញនូវពិព័រណ៍រូបភាពប្លង់ស្ថាបត្យកម្ម នៃវិទ្យាស្ថានស្លឹករឹត។ វិទ្យាស្ថានស្លឹករឹត គឺជាចក្ខុវិស័យរបស់លោក ឆាំង យុ ដែលនឹងជាទីតាំងអចិន្ត្រៃយ៍របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដោយនឹងមានរួមបញ្ចូលនូវសារមនី្ទរ, មជ្ឈមណ្ឌលស្រាវជ្រាវ, សាកលវិទ្យាល័យ, បណ្ណាល័យ និងបណ្ណសារដ្ឋាន។ វិទ្យាស្ថានស្លឹករឹត គឺជាស្នាដៃរចនារបស់ស្ថាបត្យករដ៏ល្បីល្បាញ លោកស្រី ហ្សាហា ហាឌីដ។
បណ្ណាល័យសម្តេចម៉ែ គាំទ្រយ៉ាងមុតមាំចំពោះការយល់ឃើញថា ការអប់រំ គឺជាការផ្លាស់ប្ដូរមុខមាត់ថ្មី។ ការអប់រំផ្ដល់នូវឱកាសមួយឈានទៅសម្រេចការផ្លាស់ប្តូរ និងផ្តល់សេរីភាពដល់បុគ្គល, សហគមន៍ និងប្រជាជាតិ។ ការអប់រំ អាចបញ្ឈប់ការកកើតឡើងវិញ នៃអំពើហិង្សា, ភាពអមនុស្សធម៌ និងការគាបសង្កត់នៅក្នុងប្រវត្តិសាស្ត្រ។
ទន្ទឹមនឹងនេះដែរ ការអប់រំ អាចផ្ដល់ជាឱកាសមួយ ដើម្បីនឹងរំពៃជាថ្មីក្នុងការបង្កើតជាអនាគតថ្មីមួយ៕អត្ថបទ រដ្ឋា









