ភ្នំពេញ ៖ រសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ នៅក្រសួងសុខាភិបាល ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានសម្របសម្រួលជាមួយអ្នកវិនិយោគបរទេស និងសប្បុរសជនចំនួន ១៤ តាមរយៈ លោក Anthony Galliano ប្រធានសភាពាណិជ្ជកម្មអាមេរិកកាំងប្រចាំកម្ពុជា និង លោក Salah Essa នាំយកសម្ភារប្រគល់ជូនក្រសួងសុខាភិបាល តាមរយៈគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ដែលមានលោកស្រី ឱ វណ្ណឌីន ជាប្រធាន ដែលសម្ភារៈទាំងនោះ នឹងត្រូវយកមកប្រើប្រាស់សម្រាប់ការងារចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និងការងារប្រយុទ្ធប្រឆាំងនឹងការរីករាលជំងឺកូវីដ ផងដែរ។
សម្ភារដែលត្រូវប្រគល់ជូននោះ រួមមាន រថយន្តដឹកវ៉ាក់សាំង ០២គ្រឿង ដែលនឹងមកដល់កម្ពុជាក្នុងខែឧសភា ឆ្នាំ២០២១, កុំព្យូទ័រយូរដៃ, ម៉ាស៊ីន Printer, សម្លៀកបំពាក់ពេទ្យ(PPE), ម៉ាស់ និងសម្ភារផ្សេងៗដទៃទៀតសរុបថវិកាប្រមាណ ៣០ ម៉ឺនដុល្លារអាមេរិក។
វិស័យឯកជន និងសប្បុរសជនទាំង ១៤ រួមមាន ១/. Cambodia Rice Federation ២/. RMA (Cambodia) ៣/. SCG (Cambodia) ៤/. SELA Pepper ៥/. Marriott Courtyard Hotel ៦/. Cambodian Investment Management ៧/. DAGS Asset Management ៨/. TANNCAM Investment ៩/. Baker Tilly (Cambodia) ១០/. Mr. Joseph Michael Couto ១១/. លោក Salah Essa ១២/. លោក Mark William Seymour ១៣/. លោក Wells Matthew John Roland និង ១៤/. កញ្ញា Narumon Rinruangsin ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះទុកចិត្តប្រកបដោយសប្បុរសចំពោះវិនិយោគិនបរទេស ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារទប់ស្កាត់ការរីករាលនៃជំងឺឆ្លងកូវីដ-១៩ ដែលបាននឹងកំពុងបង្ករជាហានិភ័យយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជានាសព្វថ្ងៃនេះ។ លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរជូនចំពោះបណ្តាក្រុមហ៊ុនវិនិយោគបរទេសទាំងអស់ ដែលបានដាក់ទុនវិយោគរកស៊ីនៅកម្ពុជា ព្រមទាំងបានបង្កើតនូវឱកាសការងារយ៉ាងច្រើនជូនចំពោះបងប្អូនប្រជាពលរដ្ឋ និងចូលរួមដល់កំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ ក្រោមម្លប់សុខសន្តិភាព និងស្ថេរភាពនយោបាយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវការដឹងគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការពលីគ្រប់បែបរបស់ក្រុមគ្រូពេទ្យ ដែលបានបំពេញបេសកកម្មការងារដ៏មានតម្លៃ និងសកម្មបំផុត ក្នុងការជួយសង្រ្គោះអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ៕ អត្ថបទ ៖ ផាន់ណា

