ភ្នំពេញ៖ ប្រទេសចិនបានសន្យានឹងពង្រីកបន្ថែមទៀតនូវទីផ្សារ សម្រាប់ផលិតផលកសិកម្មនាំទៅពីប្រទេសកម្ពុជា និងជួយផ្ដល់នូវហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍន៍ការធ្វើកសិកម្មឲ្យកាន់តែទំនើប ខណៈកសិផលមួយចំនួនរបស់កម្ពុជា បាននាំចេញទៅទីផ្សារចិន ហើយមួយចំនួនទៀត កំពុងត្រួតពិនិត្យ និងវាយតម្លៃគុណភាពភូតគាម ។
យោងតាមសេចក្តីប្រកាសរួម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានឲ្យដឹងថា កម្ពុជា-ចិន នឹងប្រើប្រាស់ឲ្យបានពេញលេញនូវយន្តការ គណៈកម្មាធិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញណិជ្ជកម្មទ្វេភាគី ។
សេចក្តីប្រកាស បានបន្តថា ភាគីចិន នឹងពង្រីកការនាំចេញផលិតផលកម្ពុជា ដែលមានគុណភាពទៅកាន់ទីផ្សារចិន តាមរយៈព្រឹត្តិការណ៍ផ្សព្វផ្សាយនានា ដូចជាពិព័រណ៍នាំចូលអន្តរជាតិចិន ពិព័រណ៍នាំចូល-នាំចេញចិន ពិព័រណ៍អាស៊ាន-ចិន និងយន្តការកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិកត្រូនិកទ្វេភាគី ។
ប្រភព បានបន្ថែមថា ភាគីទាំងពីរ នឹងផ្ដោតការយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការកសិកម្មគ្រប់ផ្នែក ដោយភាគីចិន បានបញ្ជាក់ជាថ្មី អំពីជំហររបស់ខ្លួន ក្នុងការពង្រីកទីផ្សារចិន សម្រាប់ផលិតផល និងទំនិញកសិកម្មពីកម្ពុជា និងផ្ដល់ការគាំទ្រផ្នែកចំណេះដឹង ហិរញ្ញវត្ថុ និងបច្ចេកទេស សម្រាប់ការអភិវឌ្ឍកសិកម្មទំនើបនៅកម្ពុជា ។
គួរបញ្ជាក់ថា ផលិតផលកសិកម្មមួយចំនួន កម្ពុជាបាននាំទៅកាន់ទីផ្សារចិន ក្នុងនោះមានអង្ករ ស្វាយកែវរមៀត និងចេកអំបូងជាដើម ខណៈពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ចាប់ផ្ដើមអនុវត្តនោះ ចិនក៏បានសន្យាទទួលនូវកសិផលពីកម្ពុជាមួយចំនួនទៀត មានផ្លែមៀនប៉ៃលិន និងត្រីប្រា ៕ អត្ថបទ បាន សុខរិទ្ធិ





