ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានអំពាវនាវទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តអនុវត្តឲ្យបានពេញលេញ នូវក្រមប្រតិបត្តិនៃសមុទ្រចិនខាងត្បូង ដើម្បីក្លាយទៅជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ។
យោងតាមសេចក្តីប្រកាសរួម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បានឲ្យដឹងថា ភាគីទាំងពីរ បានជឿជាក់ថា ដោយសារកិច្ចប្រឹងប្រែងរួមគ្នា នៃប្រទេសសមាជិកអាស៊ាន និងចិន ស្ថានភាពសមុទ្រចិនខាងត្បូង បានរក្សានូវស្ថិរភាពជារួម ។
សេចក្តីប្រកាស បានបន្តថា សេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង អស់រយៈពេលជាង ២០ឆ្នាំមកហើយ ។
ប្រភពបានបន្ថែមថា កម្ពុជា-ចិន បានអំពាវនាវដល់ភាគីពាក់ព័ន្ធ បន្តអនុវត្តឲ្យបានពេញលេញ និងប្រសិទ្ធភាព ធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្លូវសមុទ្រជាក់ស្ដែង និងឈានទៅសម្រេចនូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ឲ្យបានឆាប់ ឈរលើមូលដ្ឋានឯកច្ឆន្ទទៅវិញទៅមក ដើម្បីកសាងសមុទ្រចិនខាងត្បូង ទៅជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ៕ អត្ថបទ ៖ បាន សុខរិទ្ធិ
