ភ្នំពេញ ៖ បន្ទាប់ពីបានប្រារព្ធរយៈពេល៣ថ្ងៃមក នៅរសៀលថ្ងៃទី១១វិច្ឆិកានេះព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានស្តេចយាងជា ព្រះ រាជាអធិបតីដ៏ ខ្ពង់ខ្ពស់បំផុត នៃព្រះរាជពិធីពន្លត់ភ្លើងជ័យ នៃបុណ្យឯករាជ្យជាតិខួបលើកទី៦៩ (៩វិច្ឆិកា ១៩៥៣ -៩វិច្ឆិកា២០២២) នៅវិមានឯករាជ្យ រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា៖ បុណ្យឯករាជ្យជាតិឆ្នាំនេះ ចំពេលដែលកម្ពុជាមានមហាកិត្តិយសទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលបាននិងកំពុងមមាញឹក ទទួលស្វាគមន៍គណៈប្រតិភូមក ពីបណ្តាប្រទេសជាមិត្តនៅក្នុងតំបន់និងអន្តរជាតិមកចូលរួមនៅរាជធានីភ្នំពេញ។ នៅក្នុងព្រះរាជពិធីបុណ្យឯករាជ្យ នេះ មានវត្តមានឥស្សរជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ឯកអគ្គរាជទូតរដ្ឋទូត នៃបណ្តាប្រទេសជាមិត្ត ប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកគ្រូ អ្នកគ្រួ សិស្ស និស្សិត នៅក្នុងរាជធានីភ្នំពេញរាជវង្សានុវង្ស បានយាងនិងអញ្ជើញ ចូលរួមយ៉ាងមហោឡារិក ។
បុណ្យឯករាជ្យជាតិត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីគោរពព្រះ វិញ្ញាណខន្ធអតីត ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គ បានបន្សល់ទុកនូវ ស្នាព្រះហត្ថដ៏ធំធេង មិនអាចកាត់ថ្លៃបានក្នុងការទាមទាយកមកវិញនូវឯករាជ្យជាតិពីអាណានិគម និយមបារាំងក៏ដូចជា ការរម្លឹកដឹងគុណដល់វិញ្ញាណក្ខន្ធ វិរៈ កម្មាភិបាលយុទ្ធជនយុទ្ធនារីអ្នកស្នេហាជាតិ ដែលបានពលីជីវិតនៅក្នុង បុព្វហេតុ ឯករាជ្យជាតិ និង ការរីកចម្រើនរបស់កម្ពុជា ។
បើតាម ប្រវត្តិនៃ ព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យនៅកម្ពុជាបានបញ្ជាក់ថា៖ នៅក្នុងព្រះរាជ បេសកកម្ម ដើម្បីឯករាជ្យជាតិនេះ តាមសន្ធិសញ្ញា ចុះថ្ងៃទី៨ ខែ វិច្ឆិកាឆ្នាំ១៩៤៩ បារាំងបានទទួលស្គាល់តាម ផ្លូវច្បាប់នូវ ឯករាជ្យ របស់ព្រះរាជាណាចក្រកម្ពុជា ។ ជាគោលការណ៍តាមផ្លូវច្បាប់នោះយើងបានទទួលមែន ប៉ុន្តែចំពោះ ការអនុវត្ត ជាក់ស្តែងឯករាជ្យនេះគឺនៅខ្វះវិស័យជាច្រើនទៀតដូច ជា អធិបតេយ្យខាងយុត្តិធម៌ ប៉ូលីសអំណាចបញ្ជាការយោធាការទូតការប្តូរ និងការឲ្យចាយធនប័ត្រដើម្បីឲ្យមានឯករាជ្យទាំងស្រុង។
តាមរយៈការខិតខំ របស់ព្រះអង្គជាបន្តបន្ទាប់ អធិបតេយ្យទាំងមូលលើផ្នែកការទូត ត្រូវបានធ្វើឡើងតាមរយៈការប្តូរលិខិត រវាងរដ្ឋាភិបាលបារាំង និង រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងព្រះរាជសកម្មភាព ដ៏ថ្លៃថ្លារបស់ ព្រះអង្គជា បន្តបន្ទាប់ ទាំង ក្នុងប្រទេស និងក្រៅប្រទេស ធ្វើ ចលនាតស៊ូដើម្បីទាក់ទាញពិភពលោកឲ្យមានការ ចាប់អារម្មណ៍គាំទ្រកម្ពុជា និងការ យាងទៅគង់នៅតំបន់ស្វ័យ័តមួយ ដូចជានៅខេត្តសៀមរាប បាត់ដំបង និងកំពង់ធំ, នោះនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ព្រះករុណាព្រះបាទ សម្តេច ព្រះវររាជ បិតាជាតិខ្មែរ ព្រះមហាវីរក្សត្រ ព្រះអង្គបានយាង ចូលមកក្នុង រាជធានីភ្នំពេញវិញប្រជារាស្ត្រខ្មែរក្នុងក្តីរំជួលចិត្តបានធ្វើឲ្យ ព្រះអង្គ ទទួល បាននូវជោគជ័យមួយ ដែលមិនធ្លាប់មានពីមុនមក។
-នៅថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ១៩៥៣ គឺ៨ខែមុនសន្និសីទក្រុងហ្សឺណែវ នោះគឺមានធ្វើពិធីមួយនៅមុខព្រះបរមរាជវាំង ដែល ឧទ្ទិសចំពោះការដកថយ នៃអំណាចរបស់បារាំងពីប្រទេសកម្ពុជា ពេលនោះលោក ឡង់ ក្លាត បានប្រគល់ យ៉ាង មហោឡារិកនូវអំណាចបញ្ជាការរបស់ខ្លួនថ្វាយព្រះរាជា។ កងទ័ព និងអគ្គសេនាធិការរបស់បារាំង បានដកថយ ពីព្រះរាជាណាចក្រកម្ពុជា។ ឯករាជ្យរបស់ខ្មែរ បានក្លាយទៅជាឯករាជ្យអចិន្ត្រៃយ៍និងទាំងស្រុង។ វិបត្តិរវាង បារាំង និង ខ្មែរ ត្រូវបានបញ្ចប់។ ពពកខ្មៅចុងក្រោយ ដែលបិទបាំងមិត្តភាពខ្មែរ បារាំង បានរលាយសាបសូន្យទាំងស្រុង បន្ទាប់ពីការទទួលស្គាល់ទាំងស្រុង ពីប្រទេសបារាំងនៅខែធ្នូឆ្នាំ១៩៥៤ លើអធិបតេយ្យទាំងមូលរបស់កម្ពុជាលើវិស័យសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ។
គួរបញ្ជាក់ថា ចាប់តាំងពីព្រះរាជាណាចក្រកម្ពុជា បានទទួលឯករាជ្យពេញលេញនៅថ្ងៃទី៩ខែ វិច្ឆិកាឆ្នាំ ១៩៥៣ អតីតព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានស្ថាបនា និងអភិវឌ្ឍកម្ពុជា ឥត ឈប់ឈរ ធ្វើឱ្យប្រទេសជាតិ រីកចម្រើនលើគ្រប់វិស័យ។ នៅពេលនោះព្រះរាជាណាចក្រកម្ពុជាបានក្លាយជាប្រទេសដែលមានឥទ្ធិពលមួយនៅអាស៊ី ដែលប្រជារាស្ត្ររស់នៅដោយសុខសាន្ត បំផុតក្រោមការដឹក នាំរបស់ ព្រះអង្គ។
ប៉ុន្តែជាអកុស នៅថ្ងៃទី១៨មីនាឆ្នាំ១៩៧០ លន់ណុល បានធ្វើរដ្ឋប្រហារ ផ្តួលរំលំអតីតប្រមុខរដ្ឋ ហើយបន្ទាប់មកបាននាំកម្ពុជាទាំងមូលឱ្យធ្លាក់ចូលទៅក្នុងរណ្តៅវាលពិឃាតតែម្តង។ នោះហើយគឺជាមេរៀន គំរូស្រាប់ ដែលបានសន្សល់ ទុកនូវសោកនាដកម្ម ជាលទ្ធផលនៃការផ្លាស់ប្តូរ ទម្លាក់ប្រមុខដឹកនាំតាមការផ្តួលរំលំដើម្បីអំណាច៕

