
ភ្នំពេញ: ឯកឧត្តម Jagdeep Dhankha អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ឥណ្ឌា អញ្ជើញចូលរួមក្នុងមហោស្រពវប្បធម៌អាស៊ាន ក្នុងស្មារតីសាមគ្គី ដើម្បីសន្តិភាព ដោយទស្សនាការសម្តែងសិល្បៈទស្សនីយភាព«រាត្រីមិត្តភាព» នៅសាលសន្និសីទចតុម្មុខ នាល្ងាចថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០២២នេះ។
ក្នុងមហោស្រពវប្បធម៌អាស៊ាន ក្នុងស្មារតីសាមគ្គី ដើម្បីសន្តិភាព លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅ ឯកឧត្តម Jagdeep Dhankha អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា និងលោកជំទាវ មកកាន់ព្រះរាជាណាចក្រកម្ពុជា ក៏ជាឱកាសដ៏ល្អសម្រាប់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី ១១-១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលជាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមប្រធានបទ «អាស៊ាន ដោះស្រាយបញ្ហាប្រឈមរួមគ្នា»។ យើងជាស្ថាប័នផ្នែកវប្បធម៌ អាស៊ាន រៀបចំ មហោស្រពវប្បធម៌អាស៊ាននេះ ដែលមានចំណងជើងថា "ការរួបរួម អាស៊ាន ដើម្បីសន្តិភាព" ជាព្រឹត្តិការណ៍ ខាងវប្បធម៌ផ្លូវការនៃកិច្ចប្រជុំកំពូលផងដែរ។
ជាពិសេសក្នុងមហោស្រពនារាត្រីនេះដោយភាគីកម្ពុជា លើកយកផ្ទាំងទស្សនីយភាពល្ខោនចម្រុះ រឿងមហាភារត ឈុត«សន្តិករ យុធិស្ធិរា» និងរបាំសាមគ្គីភាពអាស៊ាន និងភាគីឥណ្ឌា ក៏បានលើកយកផ្ទាំងទស្សនីយភាពល្ខោនចម្រុះ រឿងមហាភារត ឈុត«វិប្បដិសារី របស់ភិសម៉ា»៕ អត្ថបទ រដ្ឋា







