ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃនេះថា មនុស្ស ១៧៨នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩ ខណៈអ្នកជំងឺកូវីដ១៩ចំនួន ៣៨នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលនិយាយថា ករណីឆ្លងថ្មីដល់ទៅ ១៧៧នាក់ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ហើយ ១ករណីទៀត គឺជាករណីនាំចូលដែលត្រូវបានរកឃើញលើពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ។
បើតាមក្រសួងសុខាភិបាល ករណីឆ្លងថ្មី ១៧៧នាក់នេះ ត្រូវបានរកឃើញនៅរាជធានីភ្នំពេញ ១៤៩នាក់ ខេត្តកណ្ដាល ១៤នាក់ ខេត្តព្រះសីហនុ ៦នាក់ ខេត្តស្វាយរៀង ៣នាក់ ខេត្តសៀមរាប ១នាក់ ត្បូងឃ្មុំ ១នាក់ ខេត្តតាកែវ ១នាក់ និងខេត្តកំពង់ស្ពឺ ១នាក់។គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមនុស្សសរុប ៤ ៨៧៤នាក់ហើយបានឆ្លងមេរោគកូវីដ១៩នៅទូទាំងប្រទេសគិតចាប់តាំងពីចុងខែមករាឆ្នាំមុនមក ក្នុងនោះមនុស្សដល់ទៅ ៤ ៣៣៧នាក់ បានឆ្លងមេរោគផ្លូវដង្ហើមនេះពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ចំណែកឯចំនួនអ្នកជាសះស្បើយវិញ ក្រសួងសុខាភិបាលបញ្ជាក់ថា មានចំនួនសរុប ២ ២៩០នាក់ ក្នុងនោះមានអ្នកជាសះស្បើយថ្មី ៣៨នាក់ដែលក្រសួងសុខាភិបាលប្រកាសនៅថ្ងៃនេះផងដែរ៕





