ភ្នំពេញ៖ ក្នុងពេលដឹកនាំកិច្ចប្រជុំកំពូលអាស៊ានបូកបី នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន ថ្លែងថា តាមរយៈអាស៊ានបូកបី គឺជាដៃគូដ៏សំខាន់ដែលមិនអាចខ្វះបានរបស់អាស៊ានគ្រប់ទិដ្ឋភាពទាំងអស់ ទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិភាព និងនយោបាយ ដែលបានរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សន្តិភាព វិបុលភាពនៅក្នុងតំបន់។
សម្តេចតេជោ បញ្ជាក់ថា ការជួបជុំនាពេលនេះ បានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តឥតងាករេនៃថ្នាក់ដឹកនាំប្រទេសអាស៊ានបូកបី និងការពង្រឹង ក៏ដូចជាកាន់តែធ្វើឲ្យស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈមដ៏លំបាកនានាក្នុងក្របខណ្ឌតំបន់ និងសកល។
ក្នុងនាមប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ជាការពិតប្រវត្តិសាស្រ្តបានបង្ហាញឲ្យឃើញថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយអាស៊ានបូកបីតេងតែប្រកាន់ខ្ជាប់ស្មារតីរួបរួមជានិច្ច។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមថ ភាពជោគជ័យ សមិទ្ធផលនូវកិច្ចសហប្រតិបត្តិការរបស់អាស៊ានបូកបីបានមកពីការខិតខំប្រឹងប្រែងឥតឈប់ឈរពីការប្រតិបត្តិការជិតស្និទ្ធ និងសាមគ្គីភាពដ៏រឹងមាំរបស់យើង។
ជាការកត់សម្គាល់ យន្តការអាស៊ានបូកបីបន្តជាកម្លាំងចលករស្នូលដែលមិនអាចខ្វះបានក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅអាស៊ីបូព៌ាក៏ដូចជាក្នុងការឆ្លើយតបទៅនឹងវិបត្តនានាប្រកបដោយប្រសិទ្ធភាព៕
















