ភ្នំពេញ៖ ក្រោយពីកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ានឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតបាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ានលើកទី៣០ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការចូលរួមប្រកួតរបស់ក្រុមបាញ់កាំភ្លើងដៃកងទ័ពជើងគោកកម្ពុជាចំនួន៥៥ រូប។
នៅក្នុងពិធីនេះ មេបញ្ជាការកងទ័ពជើងគោក និងតំណាងមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ានទាំង១០ ប្រទេសបានអញ្ជើញចូលរួមប្រកួតបាញ់កាំភ្លើងមិត្តភាព និងដាំដើមឈើមិត្តភាព ព្រមទាំងបានទស្សនាការសម្តែងសិល្បៈទស្សនីយភាពផ្សេងៗ ដែលរៀបចំដោយកងទ័ពប្រជាជនវៀតណាមធ្វើជាម្ចាស់ផ្ទះ។
ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ បានបញ្ចប់ទៅប្រកបដោយមនោសញ្ចេតនា និងស្មារតីភាតរភាពស្និទ្ធស្នាល បន្ទាប់ពីត្រូវបានខកខាករៀបចំអស់រយៈពេល២ឆ្នាំជាប់គ្នាមក គឺឆ្នាំ២០២០ និង២០២១ កន្លងទៅនេះ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។
សម្រាប់ឆ្នាំ២០២៣ ខាងមុខ កងទ័ពជើងគោក នៃកងភូមិន្ទថៃ នឹងទទួលបន្តធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ជំនួបបាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ាន (AARM)នេះរួមទាំងកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន(AACAM) និងកិច្ចប្រជុំប្រចាំឆ្នាំនាយទាហានរងអាស៊ាន(ASMAM)ជាដើម៕











