ភ្នំពេញ ៖ ថ្ងៃចូលឆ្នាំទី១ មនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បន្តការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនក្រុមអាទិភាព ចំនួន៤៥០នាក់។
លោកវេជ្ជបណ្ឌិត អេង គឹមបូរារិទ្ធ អនុប្រធានមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាន នាថ្ងៃទី១៤ មេសា ២០២១នេះថា ក្នុងព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២១នេះ បន្តការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ដោយមិនមានការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះទេ។ ជាក់ស្តែងនៅថ្ងៃនេះ មនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានរៀបចំចាក់វ៉ាក់សាំងជូនក្រុមអាទិភាពចំនួន៤៥០នាក់។
លោកវេជ្ជបណ្ឌិត អេង គឹមបូរារិទ្ធ បានបញ្ជាក់ទៀតថា មនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានរៀបចំទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនក្រុមអាទិភាព និងប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២១ ដោយមានក្រុមគ្រូពេទ្យជាង១០០នាក់ និងមានការចូលរួមជួយពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត កំពុងផ្តល់សេវាកម្មចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ រហូតមកដល់សព្វថ្ងៃនេះ ។ ហើយយើងទាំងអស់គ្នាបានដឹងហើយថា ជំងឺកូវីដ-១៩ វាងាយនឹងឆ្លង។ ដូច្នេះខាងមនី្ទរពេទ្យបានរៀបចំជូនកម្មវិធី ដែលប្រជាពលរដ្ឋនឹងមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ តាមបញ្ជីឈ្មោះ ដែលបញ្ជូនមកពីផ្នែកផ្សេងៗមកដល់មនី្ទរពេទ្យ។ ដូច្នេះជាការល្អ សូមអ្នកមកទទួលការចាក់វ៉ាក់សាំង សូមមកតាមបញ្ជីឈ្មោះដែលបានបញ្ជូនមក ជៀសវាងមកកាន់មនី្ទរពេទ្យដែរពពាក់ពពូន មនុស្សច្រើន ធ្វើឲ្យងាយឆ្លងមេរោគកូវីដ-១៩ ពីគ្នាទៅវិញទៅមក។ ហើយក៏ងាយស្រួលដល់មនី្ទរពេទ្យរៀបចំចាក់វ៉ាក់សាំងជូន ឲ្យមានរបៀបរៀបរយផងដែរ៕អត្ថបទ ៖ រដ្ឋា




