សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានថ្លែងអះអាងថា កិច្ចប្រជុំកំពូលអាស៊ាន និងឥណ្ឌាលើកទី១៩ នឹងក្លាយទៅជាបង្គោលចរដ៏សំខាន់មួយ នៃទំនាក់ទំនង ផ្នែកសេដ្ឋកិច្ច,នយោបាយ, និងសង្គមវប្បធម៌ របស់អាស៊ាន និងឥណ្ឌា បើទោះបីជាអស់រយៈពេល៣០ឆ្នាំ នៃទំនាក់ទំងរវាងអាស៊ាន និងឥណ្ឌាមានបញ្ហាប្រឈមមួយចំនួនក៏ដោយតែភាពរីកចំរើនរវាងភាគីទាំងពីរ នៅតែបន្តមានដដែល។
ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំអាស៊ាន-ឥណ្ឌា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កិច្ចប្រជុំនេះនឹងធ្វើឲ្យទំនាក់ទំនងរវាងអាស៊ាន និងឥណ្ឌាកាន់តែល្អប្រសើបន្ថែមទៀត ជាពិសេសផ្នែកសេដ្ឋកិច្ច នយោបាយ និងវប្បធម៌ជាដើម។
សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាស៊ានបានបញ្ជាក់ថា«ជាការពិតក្នុងបីទសវត្សន៍ កន្លងមក ទោះបីជាជួបប្រទះនូវបញ្ហាប្រឈមនានា អាស៊ាន និងឥណ្ឌាមានការរីកចំរើនឥតឈប់ឈរ ដែល បានក្លាយទៅជាពូលសង្គម-សេដ្ឋកិច្ចសំខាន់ពីរនៅលើពិភពលោក។
ជាមួយនិងលទ្ធផលនៃការអភិវឌ្ឍនេះ កិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា ក៏កាន់តែរីកចំរើន និងមានមូលដ្ឋានកាន់តែទូលំទូលាយជាលំដាប់ ដោយសារការប្តេជ្ញាចិត្តដ៏មុះមុតក្នុងការពង្រឹងភាពជាដៃគូ ដើម្បីឲ្យអាស៊ាន-ឥណ្ឌា មានទំនាក់ទំនងកាន់ តែស្អិតរមួត និងមានលទ្ធភាពកាន់តែខ្ពស់ ក្នុងការធានា និងនាំមកនូវសន្តិភាព និងវិបុលភាពរួមជូនប្រជា ជនរបស់យើងទាំងបច្ចុប្បន្ន និងទៅអនាគត»។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន ក៏បានសម្តែងការពេញចិត្តចំពោះ វឌ្ឍនភាពគួរឲ្យកត់សម្គាល់ នៃការអនុវត្តផែនការសកម្មភាព ដើម្បីអនុវត្តន៍ភាពជាដៃគូអាស៊ាន-ឥណ្ឌា សម្រាប់សន្តិភាព,វឌ្ឍនភាព និងវិបុលភាពរួម២០២១-២០២៥។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើក ឡើងផងដែរថាកម្ពុជាក៏សូមស្វាគមន៍ការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីអាស៊ាន-ឥណ្ឌា តាមរយៈគំនិត ផ្តួចផ្តើមជាច្រើនរបស់ឥណ្ឌា ផ្នែកលើគោលការឆ្ពោះទៅទិសខាងកើតផងដែរ៕
អត្ថបទ៖ បាន ចក់






