ភ្នំពេញ៖ ការរៀបចំធ្វើវិសោធនកម្មច្បាប់ ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឡើងវិញនេះ គឺដើម្បីរៀបចំនូវប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ឱ្យកាន់តែមានភាពរឹងមាំ, កាន់តែជឿទុកចិត្តបាន និងមានតម្លាភាព ព្រមទាំងមាន “លក្ខណៈជាស្ថាប័ន” ស្របតាមបរិការណ៍នៃកម្ពុជា និងស្របតាមឧត្តមានុវត្តជាអន្ដរជាតិ។
ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការធ្វើវិសោធនកម្មច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ លើកឡើងនៅក្នុងកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី នៃក្របខណ្ឌគតិយុត្តសម្រាប់ដាក់អនុវត្តប្រព័ន្ធថវិកាសមិទ្ធកម្ម ស្របតាម “យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨-២០២៥” នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ថា សមិទ្ធផលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកន្លងមក ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្កលទ្ធភាពឱ្យកម្ពុជាអាចឆ្លងផុតវិបត្តិធំៗ និងជំនះបាននូវការលំបាកជាច្រើន ក៏ដូចជាលើកកម្ពស់កម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឱ្យកាន់តែប្រសើរ។ ជាក់ស្ដែងនៅចំពោះមុខនាពេលនេះ សមិទ្ធផលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានពង្រឹងសមត្ថភាពកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានអូសបន្លាយជាងមួយឆ្នាំកន្លងទៅហើយ។
ឯកឧត្តម បានបញ្ជាក់ថា ការរៀបចំធ្វើវិសោធនកម្មច្បាប់ ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឡើងវិញនេះ គឺដើម្បីរៀបចំនូវប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ឱ្យកាន់តែមានភាពរឹងមាំ, កាន់តែជឿទុកចិត្តបាន, មានគណនេយ្យភាព, ប្រសិទ្ធភាព និងមានតម្លាភាព ព្រមទាំងមាន “លក្ខណៈជាស្ថាប័ន” ស្របតាមបរិការណ៍នៃកម្ពុជាផង និងស្របតាមឧត្តមានុវត្តជាអន្ដរជាតិផង ជាពិសេសឧត្តមានុវត្តនៃសាធារណរដ្ឋបារាំង ដែលជាលំនាំគោលនៃការអនុវត្តនៅកម្ពុជា ។ ទន្ទឹមនឹងនេះ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកំពុងតែតម្រង់ឆ្ពោះទៅកាន់ការប្រើប្រាស់នូវបច្ចេកវិទ្យាព័ត៌មាន ស៊ីជម្រៅ និងទូលំទូលាយ ដែលផ្ដល់នូវព័ត៌មានឆាប់រហ័ស គ្រប់ជ្រុងជ្រោយសម្រាប់ការធ្វើសេចក្ដីសម្រេចចិត្តផ្នែកគោលនយោបាយសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពបន្ថែមទៀត។
ពាក់ព័ន្ធវិសោធនកម្មច្បាប់នេះ, វង្សី វិស្សុត បានណែនាំដល់ក្រុមការងារបច្ចេកទេស និងអគ្គនាយកដ្ឋានពាក់ព័ន្ធ ឱ្យពិនិត្យរចនាសម្ព័ននៃសេចក្តីព្រាងវិសោធនកម្មនេះឡើងវិញ ដោយផ្តោតបន្ថែមលើទិដ្ឋភាពមួយចំនួន ទាំងជាទស្សនទាន និងជាបច្ចេកទេស ដើម្បីធ្វើយ៉ាងណាឱ្យច្បាប់ដែលមានតម្លៃអនុវត្តជាច្បាប់គ្រឹះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ តែមានលក្ខណៈទន់ភ្លន់ បើកចំហរ និងសម្របសម្រួលដល់ដំណើរអភិវឌ្ឍឈានឡើងរបស់កម្ពុជាថ្ងៃមុខ ក្នុងរយៈពេលយូរអង្វែង ដោយត្រូវមានប្រព័ន្ធប្រតិតុល្យភាព សំដៅប្រែក្លាយច្បាប់គោលនេះ ឱ្យក្លាយជាឧបករណ៍របស់រដ្ឋ ក្នុងការចាត់ចែងប្រើប្រាស់ធនធានសាធារណៈ ប្រកបដោយប្រសិទ្ធភាព ចិរភាព តម្លាភាព និងការទទួលខុសត្រូវ ក្នុងគោលដៅបម្រើឱ្យអភិវឌ្ឍប្រកបដោយបរិយាប័ន្ន, ទ្រទ្រង់ដល់កិច្ចប្រតិបត្តិការរបស់រដ្ឋ និងជំរុញកំណើន ហើយអាចបែងចែងផ្លែផ្កានៃកំណើននេះឡើងវិញ ប្រកបដោយសមធម៌៕ អត្ថបទ៖ សុន រ៉ាឌី