ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃនេះថា បុរសជនជាតិបារាំងម្នាក់អាយុ ៨៦ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមកនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលនិយាយថា បុរសជនជាតិបារាំងវ័យ ៨៦ឆ្នាំ ដែលរស់នៅក្នុងសង្កាត់សំរោង ក្នុងខណ្ឌព្រែកព្នៅ បានស្លាប់បាត់បង់ជីវិតនៅម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី១១ ខែមេសា នៅឯមន្ទីរពេទ្យជោរៃ។
ក្រសួងសុខាភិបាលបញ្ជាក់ថា បុរសជនជាតិបារាំងរូបនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាមួយស្ថានភាពបាត់បង់ជីវិតទៅហើយ ហើយលទ្ធផលតេស្តសំណាករបស់គាត់ចេញថ្ងៃចន្ទកន្លងមកនេះ បង្ហាញថា គាត់បានឆ្លងមេរោគកូវីដ១៩។
ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃនេះថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បានកើនដល់ ៣៥នាក់ហើយ ក្នុងនោះមានទាំងករណីស្លាប់ថ្មី ២នាក់បន្ថែមទៀតនៅថ្ងៃនេះផងដែរ៕ អត្ថបទ៖ ដេត សុធី
