ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ឯកឧត្តម Charles Michel ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប បានពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុប ក្នុងកិច្ចប្រជុំទ្វេភាគី នាថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានរំលឹកពីជំនួបទ្វេភាគីនៅទីក្រុងតូក្យូ កាលពីខែកញ្ញាកន្លងទៅ និងបានគូសបញ្ជាក់ថា វត្តមានរបស់ឯកឧត្តមប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងភ្នំពេញ ឆ្លុះបញ្ចាំងពីភាពរឹងមាំ នៃទំនាក់ទំនង អាស៊ាន-សហភាពអឺរ៉ុប ខណៈដែលអង្គការទាំងពីរកំពុងប្រារព្ធខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន–សហភាពអឺរ៉ុប។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសហភាពអឺរ៉ុប ចំពោះការបន្តកិច្ចសហប្រតិបត្តិការ និងការផ្តល់ជំនួយដល់កម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ហេដ្ឋារចនាសម្ព័ន្ធ អប់រំ និងសុខាភិបាល ជាពិសេសការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមរយៈយន្តការ COVAX។
សម្តេចតេជោនាយករដ្ឋមន្ត្រី និង ឯកឧត្តមប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបនឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលនឹងប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនឯកឧត្តម Charles Michel ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប ដោយសង្កត់ធ្ងន់អំពីជំហររបស់កម្ពុជាប្រឆាំងនឹងការគំរាមកំហែងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
សម្ដេចតេជោ បានបញ្ជាក់ជូនឯកឧត្តម Charles Michel ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប អំពីសកម្មភាពមនុស្សធម៌របស់កម្ពុជា តាមរយៈការចែករំលែកបទពិសោធន៍នៃការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ(UXO) ក្រោមកម្មវិធីរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសមួយចំនួនជុំវិញពិភពលោក។
ឯកឧត្តម Charles Michel ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ាន(5PCs) ស្តីពីប ញ្ហាមីយ៉ាន់ម៉ា និងគំនិតផ្តួចផ្តើមរបស់កម្ពុជា និងជប៉ុន ដើម្បីជួយដោះមីននៅអ៊ុយក្រែន។
សម្ដេចតេជោ បានបញ្ជាក់ជូនឯកឧត្តម Charles Michel ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបថា វត្តមានរបស់ឯកឧត្តមប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅរាជធានីភ្នំពេញនាពេលនេះ ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃទំនាក់ទំនង អាស៊ាន-សហភាពអឺរ៉ុប។
