ភ្នំពេញ៖ ភរិយាថ្នាក់នាំអាស៊ាន ចំនួន ៣ប្រទេស នៅព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកានេះ បានមកបំពេញទស្សនកិច្ច នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ជាសាលាពិសេសមួយក្នុងចំណោមសាលារៀនពិសេសផ្សេងទៀតរបស់ក្រសួងអប់រំ យុវជន និងកីឡា។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពូលអាស៊ាន មុននឹងចាកចេញពីកម្ពុជា ភរិយាថ្នាក់ដឹកនាំអាស៊ានចំនួន ៣ប្រទេស បានមកបំពេញទស្សនកិច្ចនៅសាលារៀនអប់រំពិសេសភ្នំពេញថ្មី។
ភរិយាថ្នាក់ដឹកនាំអាស៊ាន ដែលមានវត្តមាននៅព្រឹកនេះរួមមាន ភរិយាថ្នាក់នាំប្រទេសឥណ្ឌា ភរិយាថ្នាក់ដឹកនាំប្រទេសជប៉ុន ភរិយាថ្នាក់ដឹកប្រទេស ថៃ អមដំណើរដំណើរដោយ លោកជំទាវ ខេង សំវ៉ាដា ភរិយា ឯកឧត្តម ប្រាក់ សុខុន ជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។
វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ត្រូវបានផ្ទេរមកក្រោមការគ្រប់គ្រងទាំងស្រុង របស់ក្រសួងអប់រំ យុវជន និងកីឡា។ សម្រាប់ការអប់រំនៅ វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជា ទទួលរ៉ាប់រងរាល់ចំណាយក្នុងដំណើរការរបស់សាលារៀនទាំងស្រុង ក្នុងនោះរាប់បញ្ចូល ការផ្ដល់អាហារដល់សិស្ស ៣ពេលក្នុងមួយថ្ងៃ សេវាកម្មដឹកជញ្ជូនសិស្ស ការថែទាំសុខភាព អនាម័យ ការផ្គត់ផ្គង់ទឹក អគ្គិសនី សម្ភារសិក្សា រួមទាំងការចំណាយជាច្រើនផ្សេងទៀត។
វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី បច្ចុប្បន្នផ្ដល់ការសិក្សាពិសេសជូនសិស្ស ដែលមានបញ្ហាមួយចំនួនដូចជាពិការភាពភ្នែក គថ្លង់ ជាដើម។ ការបង្រៀននៅទីតាំងសាលានេះ គឺចាប់ផ្ដើមពីកម្រិតមតេយ្យសិក្សារហូតដល់ថ្នាក់វិទ្យាល័យ។ ចំពោះកម្មវិធីសិក្សាគឺស្របទៅនឹងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា។
ក្រៅពីវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ក្រសួងអប់រំ យុវជន និងកីឡា ក៏មានសាលាអប់រំពិសេសផ្សេងទៀត នៅទីតាំងផ្សេងៗគ្នា។ សាលាអប់រំពិសេសទាំងនោះ មានទីតាំងនៅក្រុងតាខ្មៅ ច្បារអំពៅ កំពង់ចាម សៀមរាប និងខេត្តបាត់ដំបង៕ អត្ថបទ៖ គឹមហុក









