ភ្នំពេញ៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃឌិន បានថ្លែងចំពោះមុខសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានកោតសរសើរអំពីជំហររបស់កម្ពុជាទាក់ទងលើបញ្ហាសង្រ្គាមនៅអ៊ុយក្រែន ការបាញ់ស៊ីលរបស់ប្រទេសកូរ៉េខាងជើង និងខិតខំស្វែងរកដំណោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ជាដើម។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីលទ្ធផលនៃកិច្ចជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញនេះ បានឲ្យដឹងថា លោកប្រធានាធិបតីអាម៉េរិក ចូ បៃឌិន «បានកោតសរសើរកម្ពុជាចំពោះតួនាទីប្រកបដោយការស្ថាបនារបស់ខ្លួន ក្នុងឋានៈជាប្រធានអាស៊ាន ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា និងបានវាយតម្លៃខ្ពស់ចំពោះជំហរកម្ពុជាលើបញ្ហាសង្រ្គាមនៅអ៊ុយក្រែន និងការបាញ់មីស៊ីលបាលីស្ទិកថ្មីៗនេះរបស់កូរ៉េខាងជើង»។
តាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា ក្នុងកិច្ចជំនួបនោះលោកប្រធានាធិបតីអាម៉េរិក បានអបអរសាទរកម្ពុជាចំពោះភាពជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាននៅឆ្នាំនេះ និងចំពោះការគាំទ្ររបស់កម្ពុជា ក្នុងការពង្រីកកម្រិតទំនាក់ទំនងអាស៊ាន-សហរដ្ឋអាម៉េរិក ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ក្នុងអំឡុងពេលនៃការធ្វើជាប្រធានអាស៊ានរបស់ខ្លួននោះ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ល្អរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ក្នុងការប្រគល់ត្រឡប់ មកកម្ពុជាវិញនូវវត្ថុបុរាណកម្ពុជាដែលត្រូវបានលួច។ ពាក់ព័ន្ធនឹងការដោះមីន, សម្តេចតេជោ បានអំពាវនាវឱ្យមានការរួមចំណែកបន្ថែមទៀតពីសហរដ្ឋអាម៉េរិក ដើម្បីជួយកម្ពុជាសម្រេចបាន «កម្ពុជា គ្មានមីនត្រឹមឆ្នាំ២០២៥»។
ដោយឡែកពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរអាម៉េរិក សម្តេចតេជោ បានលើកឡើងពីគោលជំហររបស់កម្ពុជាក្នុងការទទួលយកពលរដ្ឋខ្មែរដែលត្រូវបានបណ្ដេញចេញពីសហរដ្ឋអាម៉េរិក ដោយគិតគូរពីកត្តាមនុស្សធម៌ និងមេត្តាធម៌ និងបានបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ជាមួយសហរដ្ឋអាម៉េរិក យោងតាមអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០២ ដែលមានស្រាប់ តាមរយៈការសម្ភាសន៍ពលរដ្ឋកម្ពុជាដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ដូចដែលធ្លាប់បានធ្វើនាពេលកន្លងមកនោះ។
សម្តេចតេជោ នាយករដ្ឋមន្តី ក៏បានគូសបញ្ជាក់អំពីជំហរដ៏រឹងមាំរបស់កម្ពុជាប្រឆាំងនឹងការគំរាមកំហែង ដោយប្រើអាវុធនុយក្លេអ៊ែរ។
សម្តេចតេជោ ក៏បានជម្រាបជូន លោកប្រធានាធិបតីចូ បៃឌិន អំពីកិច្ចសហការរវាងកម្ពុជា និងជប៉ុន តាមរយៈមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងការបញ្ចូនក្រុមអ្នកដោះមីនកម្ពុជាទៅជួយបណ្តុះបណ្តាលក្រុមដោះមីនអ៊ុយក្រែន នៅប្រទេសប៉ូឡូញ និងអំពីសំណើរបស់អ៊ុយក្រែន ដល់ជប៉ុន ក្នុងការផ្តល់ឧបករណ៍ដោះមីនផងដែរ៕អត្ថបទ៖ បាន ចក់





