ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះថា បុរសជនជាតិខ្មែរម្នាក់ទៀតអាយុ ៥៨ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបានប្រកាសថា បុរសជនជាតិខ្មែររូបនេះដែលរស់នៅឯឃុំក្រាំងដីវ៉ាយ ស្ថិតក្នុងស្រុកភ្នំស្រួច បានស្លាប់នៅម៉ោង ៩:២០នាទីព្រឹកថ្ងៃម្សិលមិញនេះ នៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដោយសារវិបត្តិផ្លូវដង្ហើមដែលបណ្ដាលមកពីជំងឺកូវីដ១៩។
បើតាមក្រសួងសុខាភិបាល បុរសរូបនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺនៅម៉ោង ៨កន្លះព្រឹកម្សិលមិញនេះជាមួយអាការៈហត់ និងពិបាកដកដង្ហើម។
ក្រសួងសុខាភិបាលបញ្ជាក់ថា លទ្ធផលតេស្តសំណាករបស់គាត់ដែលចេញនៅល្ងាចថ្ងៃម្សិលមិញនេះ បង្ហាញថា គាត់បានឆ្លងមេរោគកូវីដ១៩។
តួលេខផ្លូវការចេញដោយក្រសួងសុខាភិបាល បង្ហាញថា អ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅកម្ពុជា បានកើនឡើងដល់ចំនួន ៣៥នាក់ហើយ ក្នុងនោះមានទាំង ២ករណីថ្មីដែលក្រសួងប្រកាសនៅព្រឹកថ្ងៃនេះផងដែរ៕