ភ្នំពេញ៖ រយៈពេលមួយឆ្នាំដែលកម្ពុជាទទួលធ្វើជាប្រធានអាស៊ាន ជារយៈពេលពេញមួយឆ្នាំដែលពោរពេញដោយអនុស្សាវរីយ៍ និងជាប្រវត្តិសាស្ត្រសម្រាប់រូបខ្ញុំផ្ទាល់ និងកម្ពុជា ដែលមានកិត្តិយសដ៏ឧត្ដុង្គឧត្ដម បានទទួលតំណែងជាប្រធានប្ដូរវេនរបស់អាស៊ាន។ នេះជាការលើកឡើងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន ក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
សម្ដេចតេជោ មានប្រសាសន៍បន្តថា ក្នុងឋានៈជាប្រធានអាស៊ានរបស់កម្ពុជា យើងពិតជាអនុវត្តបានតាមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។ អាស៊ានបានបញ្ចូលអ៊ុយក្រែន និងប្រទេស ៦ ទៀតរួមមាន ដាណឺម៉ាក, ក្រិក, ហូឡង់, អូម៉ាន, កាតា និងអេមីរ៉ាតអារ៉ាប់រួម ក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC) នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា ដែលធ្វើឱ្យប្រទេសជាសមាជិកនៃសន្ធិសញ្ញានេះ បានកើនឡើងដល់ ៥០ ប្រទេស។
អំឡុងកិច្ចប្រជុំកំពូលនេះ អាស៊ានបានចេញនូវសេចក្ដីថ្លែងការណ៍រួមនៃខួបអនុស្សាវរីយ៍លើកទី២០ នៃ សេចក្ដីថ្លែងការណ៍ ស្ដីពីការប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង(DOC) ដើម្បីប្រារព្ធពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី២០ នៃការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិនេះ នាឆ្នាំ ២០០២។
អំឡុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជានាពេលនេះ កិច្ចប្រជុំសម្រេចបាននូវកិច្ចសន្ទនាគ្រប់ជ្រុងជ្រោយ និងប្រកបដោយផ្លែផ្កា។
កិច្ចប្រជុំក៏បានអនុម័ត និងកត់សម្គាល់នូវឯកសារ សមិទ្ធផល និងសេចក្ដីប្រកាសចំនួន ៧០ ដែលគ្របដណ្ដប់លើសសរស្ដម្ភទាំង ៣ របស់សហគមន៍អាស៊ាន និងបានអនុម័តក្របខណ្ឌកិច្ចសហប្រតិបត្តិការមួយចំនួន ជាមួយនឹងដៃគូសន្ទនារបស់អាស៊ាន។
អាស៊ានក៏បានអនុម័តសេចក្ដីថ្លែងការណ៍ចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ានស្ដីពី«អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា», សេចក្ដីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្ដីពីខួបលើកទី ៥៥ របស់អាស៊ាន និងសេចក្ដីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានស្ដីពីរបៀបវារៈនៃការតភ្ជាប់អាស៊ាន ក្រោយឆ្នាំ២០២៥ ផងដែរ។
ក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅថ្ងៃទី១៣ ខែវិច្ឆិកានេះដែរ សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា ឆ្នាំនេះយើងអាចដោះស្រាយ និងទប់ស្កាត់បញ្ហាប្រឈមជាច្រើននៅក្នុងតំបន់យើង ដែលនាំឱ្យយើងមានលទ្ធភាព ក្នុងការរក្សានូវសន្តិភាព វិបុលភាព និងសុខដុមរមនា សម្រាប់គ្រួសារអាស៊ានរបស់យើង។
មជ្ឈភាពអាស៊ាន គឺជាកម្លាំងចលករចម្បងសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូខាងក្រៅ តាមរយៈយន្តការដែលដឹកនាំដោយអាស៊ាន៕ ដោយ៖ គង់ ឌិន














