ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២២ បានថ្លែងថា មជ្ឈភាពអាស៊ាន ជាកម្លាំងចលករចម្បង សម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូខាងក្រៅ តាមរយៈយន្តការដែលដឹកនាំដោយអាស៊ាន ។
ក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ទោះបីស្ថិតក្នុងស្ថានការណ៍ណាក៏ដោយ យើងត្រូវរក្សាឯកភាពអាស៊ាន ដើម្បីអត្ថប្រយោជន៍ខ្ពស់បំផុតសម្រាប់តំបន់ទាំងមូល ។
សម្ដេចតេជោ បានបន្តថា ការលើកកម្ពស់សាមគ្គីភាព និងឯកភាព នឹងនៅតែជាអាទិភាពកំពូលរបស់យើង នៅក្នុងឆ្នាំបន្តបន្ទាប់ទៀត ។ ជាសក្ខីភាពជាក់ស្ដែងនៃស្មារតី “ភាពរួបរួមគ្នា” នៅក្នុងឆ្នាំនេះ យើងអាចដោះស្រាយ និងទប់ស្កាត់បញ្ហាប្រឈមជាច្រើន នៅក្នុងតំបន់យើង ដែលនាំឲ្យយើងមានលទ្ធភាព ក្នុងការរក្សានូវសន្តិភាព វិបុលភាព និងសុខដុមរមនា សម្រាប់គ្រួសារអាស៊ានរបស់យើង ។
ជាមួយនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា កម្ពុជាមានជំនឿយ៉ាងពេលលេញ ចំពោះឥណ្ឌូនេស៊ី ដែលក្លាយជាប្រធានអាស៊ានប្ដូរវេនបន្ទាប់ នឹងដឹកនាំអាស៊ាន ដើម្បីសម្រេចបាននូវគោលបំណងចម្បង គឺសហគមន៍អាស៊ាន ប្រកបដោយខុសសន្តិភាព ភាពធន និងបរិយាបន្ន ៕ អត្ថបទ បាន សុខរិទ្ធិ
