ភ្នំពេញ៖ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាតិ រួមនឹងគណៈប្រតិភូ ព្រឹកថ្ងៃទី១៣ ខែវិចិ្ឆកា ឆ្នាំ២០២២នេះ បានធ្វើទស្សនកិច្ចនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងគោរពវិញ្ញាក្ខន្ធជនរងគ្រោះ និងគោរពអ្នកដែលនៅរស់រានមានជីវិតពីបទឧក្រិដ្ឋកម្មដ៏ឃោរឃៅ ដែលប្រព្រឹតិ្តនៅទូទាំងប្រទេសកម្ពុជា នៅអំឡុងសម័យខ្មែរក្រហម។
លោក António Guterres បានលើកឡើងថា ទុក្ខវេទនាដែលបានកើតឡើងនៅចន្លោះជញ្ជាំងទាំងនេះ គឺជារឿងសោកសង្រែក ដ៏សែនរន្ធត់ និងគួរឲ្យភ្ញាក់ផ្អើលរឿងរ៉ាវនៃការរស់រានមានជីវិត និងភាពធន់ គឺជារឿងរ៉ាវដ៏សែនរំជួលចិត្ត និងផ្តល់ជាកម្លាំងចិត្តផងដែរ។
លោកក៏សូមថ្លែងអំណរគុណដល់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង សម្រាប់ការងារដ៏អស្ចារ្យរបស់ខ្លួន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីឧក្រិដ្ឋកម្មដ៏សាហាវទាំងនេះ ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាថាអំពើទាំងនេះ មិនត្រូវកើតឡើងម្តងទៀតឡើយ។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានទាមទារឲ្យមេដឹកនាំខ្មែរក្រហមជាច្រើននាក់ទទួលខុសត្រូវ ចំពោះអំពើព្រៃផ្សៃទាំងនេះ និងបានផ្តល់ជាសំឡេងដល់ជនរងគ្រោះ និងអ្នកដែលនៅរស់ពីរបបនេះ។ សំឡេងរបស់ពួកគេមានសារសំខាន់ជាងពេលណាៗទាំងអស់ នៅពេលដែលការនិយាយនាំឲ្យមានការស្អប់គ្នា ការរំលោភបំពាន ការរើសអើង និងការយាយីកំពុងកើតឡើងនៅគ្រប់តំបន់នៃពិភពលោក។
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាកន្លែងក្រើនរំលឹកដ៏ចាំបាច់សម្រាប់យើងទាំងអស់គ្នា ឥដ្ឋ និងការ៉ូ ដែលប្រឡាក់ដោយឈាមនៅទីនេះ គឺជាការព្រមានដល់យើងទាំងអស់គ្នា នេះគឺជាអ្វីដែលកើតឡើង នៅពេលដែលការស្អប់គ្នា កើនឡើងយ៉ាងខ្លាំង។ ហើយនេះគឺជាអ្វីដែលបានកើតឡើងនៅពេលដែលមនុស្សត្រូវបានគេធ្វើទុក្ខបុកម្នេញ ហើយសន្ធិមនុស្ស ត្រូវបានបដិសេធ។
លោក បានបន្ថែមទៀតថា ការរក្សាទុក ការចងចាំអ្នកដែលបានរងទុក្ខ និងស្លាប់នៅទួលស្លែង ជួយធានាថាអំពើឃោរឃៅបែបនេះ និងមិនកើតឡើងម្តងទៀតនោះឡើយ។ លោក នឹងយករឿងរ៉ាវ ដែលបានស្តាប់លឺពីអ្នក រួចរស់នៅក្នុងរបបខ្មែរក្រហមនេះ ទៅប្រាប់ចៅស្រីរបស់លោក ដើម្បីឲ្យចៅស្រីរបស់លោក អាចយករឿងរ៉ាវទាំងនេះ ទៅប្រាប់ដល់ចៅៗរបស់ពួកគេផ្សេងទៀត ហើយការចងចាំនៅទីនេះ គឺជាអ្វីដែលយើងមិនត្រូវបំភ្លេចជាដាច់ខាត។
លោក António Guterres បានបញ្ជាក់ថា តាមរយៈការរៀនទទួលស្គាល់ ពីសញ្ញាព្រមានដំបូងៗ នៃអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មឃោរឃៅដ៏ទៃទៀត និងទទួលស្គាល់ពីតម្លៃបរិយាបន្ន និងសេចកី្តថ្លៃថ្នូរ យើងអាចកសាងមូលដ្ឋានគ្រឹះ សម្រាប់អនាគតដែលភាពរន្ធត់បែបនេះ នឹងមិនអាចកើតឡើងម្តងទៀត៕អត្ថបទ រដ្ឋា






